(ប៉េកាំង)៖ ឆ្មាំសមុទ្រនៃប្រទេសចិននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួនបានព្រមានហើយធ្វើដំណើរតាម ក្រុមទូកនិងនាវារបស់ហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងបេសកកម្មផ្គត់ផ្គង់សម្ភារទៅកាន់នាវាចម្បាំងច្រែះចាប់មួយ ដែលមានវត្តមាននៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។
បញ្ហាវិវាទជុំវិញវត្តមាននាវាចម្បាំងឈ្មោះថា Sierra Madre ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមលោកលើកទី២ បានកើនឡើងកម្តៅខ្លាំង បន្ទាប់ពីឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹកដាក់លើទូករបស់ហ្វីលីពីន១គ្រឿង នៅថ្ងៃទី៥ ខែសីហាកន្លងទៅ ដែលស្ថិតក្នុងបេសកកម្មផ្គត់ផ្គង់សម្ភារ ហើយខាងហ្វីលីពីនបានច្រានចោល ការទាមទាររបស់ទីក្រុងប៉េកាំង ដែលចង់ឱ្យខ្លួនអូសនាវាចម្បាំងច្រែះចាប់នោះ ចេញពីតំបន់ជម្លោះ។
តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថា Ren'ai Reef និងហ្វីលីពីនហៅថា Ayungin ស្ថិតនៅក្នុងបរិវេណនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន ហើយជាជម្រករបស់កងទ័ពហ្វីលីពីនមួយចំនួនតូច ដែលស្នាក់នៅប្រចាំការលើនាវាចម្បាំង Sierra Madre ដែលហ្វីលីពីនយកទៅទុកចោលនៅទីនោះ កាលពីឆ្នាំ១៩៩៩ ដើម្បីពង្រឹងការអះអាងអធិបតេយ្យរបស់ខ្លួន។
បើតាមឆ្មាំសមុទ្រចិន នៅថ្ងៃសុក្រនេះ ទូកដឹកសម្ភារផ្គត់ផ្គង់២គ្រឿង និងនាវាឆ្មាំសមុទ្រហ្វីលីពីន២គ្រឿង បានធ្វើដំណើរចូលដែនទឹក នៅក្បែរតំបន់ថ្មប៉ប្រះទឹកខាងលើ ខណៈឆ្មាំសមុទ្រចិនអះអាងថា វាគឺជាសកម្មភាពទន្ទ្រានចូលដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ឆ្មាំសមុទ្រចិនបានបន្តថា ខ្លួនបានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ ទូកនិងនាវារបស់ហ្វីលីពីន ហើយបានធ្វើដំណើរតាមជាប់រហូត ដើម្បីបង្ហាញជាថ្មីនូវជំហរប្រឆាំងយ៉ាងរឹងមាំរបស់ចិន ចំពោះសកម្មភាពដឹកជញ្ជូនសម្ភារសំណង់ដែលខុសច្បាប់ របស់ហ្វីលីពីនទៅកាន់នាវាចម្បាំង Sierra Madre។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំង ជុំវិញបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង ក្រោមអាណត្តិដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដោយទីក្រុងម៉ានីលបានសម្រេចត្រឡប់ងាកទៅរកសហរដ្ឋអាមេរិកវិញ ដែលផ្តល់ការគាំទ្រដល់ខ្លួន នៅក្នុងបញ្ហាជម្លោះដែនសមុទ្រជាមួយនិងប្រទេសចិន៕