(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។

ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Li Qiang បានលើកឡើងថា ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អាស៊ីបូព៌ាបានក្តាប់ជាប់កាលានុវត្តភាព នៃយុគសម័យនៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដោយបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដើរលើ មាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវដែលបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍពិភពលោក។

លោក Li Qiang បានចង្អុលបង្ហាញថា ក្នុងការប្រឈមមុខនឹងស្ថានភាពថ្មី និងបញ្ហាប្រឈមថ្មី កិច្ចប្រជុំកំពូលអាស៊ីបូព៌ាគួរតែបន្តប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន ដើម្បីដើរតួនាទីកាន់តែធំក្នុងការសម្រេចបាននូវស្ថិរភាព និងវិបុលភាពជាយូរអង្វែងនៅក្នុងតំបន់ ពោលគឺទីមួយ ត្រូវខិតខំប្រឹងប្រែងដើម្បីដើរតួនាទីកាន់តែធំ នូវការជំរុញការអភិវឌ្ឍរវាងគ្នាទៅវិញទៅមក ដើម្បីបំផុសកម្លាំងចលករដល់កំណើននៃតំបន់។ ទី២ ត្រូវដើរតួនាទីកាន់តែធំនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ដើម្បីបង្កើនការយោគយល់គ្នា និងទំនុកចិត្តទៅវិញទៅមករវាងគ្រប់ភាគី ។ ទី៣ ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអាស៊ានដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយបរិយាប័ន្ន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

លោក Li Qiang បានបន្តទៀតថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ានកំពុងជំរុញយ៉ាងសកម្មនូវការពិគ្រោះពិភាក្សាអំពី "ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង" សង្ឃឹមថា បណ្តាប្រទេសនៅក្រៅតំបន់នឹងគោរពយ៉ាងពេញលេញ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ក្នុងការចរចាអំពីច្បាប់នៃសមុទ្រចិនខាងត្បូង និងគាំពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕

អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន