(កៀវ)៖ រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក អ៉ីហ័រ គ្លីមិនកូ (Ihor Klymenko) បាននិយាយថា មីស៉ីលមួយគ្រាប់របស់រុស្ស៉ី បានធ្លាក់ចំអគារប៉ូលិសនៅកណ្តាលទីក្រុងកៀវយី រីហ៍ (Kryvyi Rih) របស់អ៊ុយក្រែន នាថ្ងៃសុក្រនេះ បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក គ្លីមិនកូ បានឲ្យដឹងតាមបណ្តេញតេឡក្រាមថា មន្រ្តីប៉ូលិសម្នាក់បានស្លាប់ ហើយក្រុមជួយសង្គ្រោះបានទាញ មនុស្សមួយចំនួនចេញពីគំនរបាក់បែក ក្រោយការវាយប្រហារលើទីក្រុងកៀវយី រីហ៍ ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ចំណែកអភិបាលតំបន់ លោក សឺហ៉ី លីសាក់ (Serhiy Lysak) បាននិយាយថា អគាររដ្ឋបាលចំនួន ៣របស់ប៉ូលិស និងអគារលំនៅដ្ឋានចំនួន ៧បានរងការខូចខាត។

រុស្ស៉ី ក៏បានធ្វើការវាយប្រហារដោយប្រើយន្តហោះដ្រូនជាលើក នៅក្នុងសប្តាហ៍នេះ ទៅលើភាគខាងត្បូងតំបន់អូដេសា (Odesa) ដែលមានកំពង់ផែអ៊ុយក្រែននៅលើសមុទ្រខ្មៅ និងទន្លេដានូប (Danube) និងប្រើប្រាស់សម្រាប់នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មដ៏ទៃទៀត។

គួរបញ្ជាក់ថា អំលុងវេលាយប់ចន្លោះថ្ងៃព្រហស្បតិ៍-សុក្រសប្តាហ៍នេះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន១៦គ្រឿងក្នុងចំណោម ២០គ្រឿង។ ទីបញ្ជាការយោធាភូមិភាគខាងត្បូង ក៏បានឲ្យដឹងដែរថា យន្តហោះដ្រូនចំនួន ១៤គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់អូដេសា (Odesa) និង២គ្រឿងទៀតនៅភាគខាងត្បូងនៃតំបន់ម៉ាកូលេវ (Mykolaiv)៕