(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល (Charles Michel) បាននិយាយថា វាជារឿងពិបាកក្នុងការ​ប៉ាន់ស្មានថា តើមេដឹកនាំនៃក្រុមប្រទេស G20 ដែលត្រូវជួបប្រជុំគ្នានាចុងសប្តាហ៍នេះ នៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា អាចនឹងឈានដល់​ការឯកភាពគ្នាដែរឬអត់ លើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូដេលី លោក Michel បានលើកឡើងដូច្នេះថា «វាពិតជាពិបាកក្នុងការប៉ាន់ស្មានថា តើវានឹងអាច​ទៅរួចដែរឬយ៉ាងណា ដើម្បីសម្រេចបានការព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួម ខណៈយើងកំពុងបន្តចរចាគ្នា។ យ៉ាងណាមិញ ខ្ញុំមិនមាន​បំណងនិយាយអំពីរឿងអ្វី ដែលនឹងធ្វើឱ្យ កិច្ចប្រឹងប្រែងស្វែងរកការឯកភាពគ្នា កាន់តែលំបាកថែមទៀតនោះឡើយ។ យើងគាំទ្រកិច្ចប្រឹងប្រែងធ្វើឡើងដោយប្រទេសឥណ្ឌា ដែលជាប្រធានរៀបចំកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ»

បើតាមការយល់ឃើញរបស់ក្រុមអ្នកវិភាគ គឺការបែកបាក់គ្នាកាន់តែស៉ីជម្រៅនិងចាក់ឫសខ្លាំងឡើង ជុំវិញវិបត្តិសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន អាចបង្កហានិភ័យចំពោះកិច្ចប្រឹងប្រែងស្វែងរកវឌ្ឍនភាព សម្រាប់បញ្ហាសកលផ្សេងៗ រួមមានសន្តិសុខស្បៀង បំណុល និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ លើការប្រែប្រួលអាកាសធាតុជាដើម នៅពេលដែលក្រុមប្រទេសមហាអំណាចជួបប្រជុំគ្នា។

គួរបញ្ជាក់ថា ឥណ្ឌាដែលជាម្ចាស់ផ្ទះ ចង់ឱ្យសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល ក៏រួមមានផងដែរនូវទស្សនៈរបស់រុស្ស៉ីនិងចិន បើទោះបីជា ប្រទេសទាំង២កន្លងមក ធ្លាប់បានរារាំងកិច្ចប្រឹងប្រែងរបស់ក្រុមប្រទេសលោកខាងលិច ដែលចង់បញ្ចូលខ្លឹមសារថ្កោលទោសធ្ងន់ៗ​លើសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដោយ។ កិច្ចប្រជុំកំពូល G20 នៅឥណ្ឌា នឹងមិនមានវត្តមានប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង ឡើយ ដោយទីក្រុងមូស្គូបានសម្រេចបញ្ជូនរដ្ឋមន្រ្តីការបរទេស លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ឱ្យចូលរួមជំនួស ខណៈនាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) នឹងតំណាងឱ្យទីក្រុងប៉េកាំង៕