(ព្រុចសែល)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខអង្គការណាតូបានលើកឡើងថា NATO មើលមិនឃើញមានសញ្ញាដែលបង្ហាញថា កម្ទេចកម្ទីយន្តហោះដ្រូន ដែលត្រូវបានរកឃើញ នៅក្នុងទឹកដីរ៉ូម៉ានីនាពេលថ្មីៗនេះ គឺកើតមានឡើងដោយការវាយប្រហារដោយចេតនា​​របស់រុស្ស៉ី ទៅលើរ៉ូម៉ានីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៊ុយក្រែនបាននិយាយថា មានយន្តហោះដ្រូនបានផ្ទុះនៅក្នុងទឹកដីរ៉ូម៉ានី អំលុងការវាយប្រហារតាមផ្លូវអាកាស នាពេលយប់របស់រុស្ស៉ី ទៅលើកំពង់ផែមួយរបស់អ៊ុយក្រែន ដែលនៅជាប់ទន្លេ Danube។ រុស្ស៉ីបានបង្កើនការវាយប្រហារមកលើ តំបន់កំពង់ផែ​របស់អ៊ុយក្រែនចាប់តាំងពីខែកក្កដាមក នៅពេលដែលទីក្រុងមូស្គូបានដើរចេញពីកិច្ចព្រមព្រៀងមួយ ដែលដកការបិទខ្ទប់របស់រុស្ស៉ីលើ​​កំពង់ផែជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន។

ដំបូងឡើយ ក្រុមមន្រ្តីរ៉ូម៉ានីបានបដិសេធការអះអាងរបស់អ៊ុយក្រែន ប៉ុន្តែក៏បានទទួលស្គាល់វិញកាលពីថ្ងៃពុធ ដោយរដ្ឋមន្រ្តីការពារជាតិរ៉ូម៉ានី បាននិយាយថា ផ្នែកមួយចំនួននៃអ្វីដែលអាចជាយន្តហោះដ្រូនរបស់រុស្ស៉ី បានធ្លាក់មកលើដីរបស់រ៉ូម៉ានី។ ថ្លែងប្រាប់ក្រុមសមាជិកសភារបស់សហភាពអឺរ៉ុប លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការ NATO បានលើកឡើងថា «យើងពុំមានព័ត៌មានណាមួយ ដែលឱ្យតំរុយថា រុស្ស៉ីបានវាយប្រហារដោយចេតនាមកលើរ៉ូម៉ានីឡើយ ខណៈពួកយើងកំពុងរង់ចាំលទ្ធផលនៃការស៉ើបអង្កេតលម្អិត»

គួរបញ្ជាក់ថា រុស្ស៉ីបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ទៅលើគោលដៅនៅអ៊ុយក្រែន ចាប់តាំងពីខ្លួនបានធ្វើការ​ឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយរដ្ឋាភិបាលទីក្រុងកៀវក៏ធ្លាប់រាយការណ៍ប៉ុន្មានលើកផងដែរ អំពីអាវុធដែលអាចជា​របស់រុស្ស៉ី បានហោះកាត់ឬធ្លាក់ទៅក្នុងទឹកដីនៃប្រទេសជិតខាង របស់អ៊ុយក្រែន។ កាលពីខែវិច្ឆិកា ឆ្នាំមុន មនុស្ស២នាក់បានស្លាប់នៅប្រទេសប៉ូឡូញ ដោយសារមីស៉ីល១គ្រាប់ ហើយក្រោយមក ប៉ូឡូញផ្ទាល់និងក្រុមសម្ព័ន្ធមិត្ត NATO បាននិយាយថា វាគឺជាមីស៉ីលដែលរាលដាលមកពី ​ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕