(ម៉ានីល)៖ ហ្វីលីពីន និងអូស្ត្រាលី នឹងពង្រឹងសម្ព័ន្ធភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងនៅថ្ងៃសុក្រនេះ តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ខណៈប្រទេសទាំង២នេះកំពុងខិតកាន់តែជិតទៅរកសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានរំពឹងថាអាចនឹងសម្រេចបាន នៅក្រោយជំនួបរវាងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងទីក្រុងម៉ានីល អំឡុងដំណើរទស្សនកិច្ចរបស់លោក Albanese។ ដំណើរទស្សនកិច្ចរបស់លោក Albanese ដែលនឹងក្លាយជាជំនួបទ្វេភាគីលើកដំបូងរបស់នាយកដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ នៅក្នុង ទីក្រុងម៉ានីល ក្នុងពេល២០ឆ្នាំមកនេះ និងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី ធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ហ្វីលីពីន ចាប់តាំងពីលោក Marcos ឡើងកាន់តំណែងក្នុងឆ្នាំ២០២២មក។

គួរបញ្ជាក់ថា ការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងការបង្កើនការអះអាងពីអធិបតេយ្យលើតំបន់សមុទ្រចិនខាងត្បូង បានជំរុញឱ្យសហរដ្ឋអាមេរិក និងអូស្ត្រាលី ងាកទៅរកពង្រឹងសម្ព័ន្ធភាពជាមួយហ្វីលីពីន។ ហ្វីលីពីន និងអូស្ត្រាលី កាលពីខែសីហាកន្លងទៅ ក៏ទើបតែបានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា នៅក្បែរដែនទឹកមានជម្លោះផងដែរ៕