(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយថាវានឹងក្លាយជាកំហុសមួយដ៏ធំ ប្រសិនបើកូរ៉េខាងជើងផ្គត់ផ្គង់ អាវុធទៅឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមមន្ត្រីអាមេរិក នារយៈពេលថ្ងៃចុងក្រោយនេះ បានព្រមានពីលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី ស្របពេល មានសេចក្ដីរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែកញ្ញានេះ ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សា។
លោកស្រី Kamala Harris ដែលទើបតែបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ CBS ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាការផ្គត់ផ្គង់អាវុធណាមួយរបស់កូរ៉េខាងជើង ក៏នឹងបង្ហាញកាន់តែច្បាស់ផងដែរថា ភាពបន្ទាន់របស់រុស្ស៉ីក្នុងការស្វែងរកជំនួយពីប្រទេសឯកោដូចជាកូរ៉េខាងជើង ហើយនៅទីបំផុតវានឹងធ្វើឱ្យប្រទេសទាំង២កាន់តែឯកោ។
លោកស្រីអនុប្រធានាធិបតី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំគិតថាវានឹងក្លាយជាកំហុសមួយដ៏ធំ...ខ្ញុំក៏ជឿដែរថាវានឹងធ្វើឱ្យកូរ៉េខាងជើង និងរុស្ស៉ី កាន់តែឯកោ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថាកិច្ចចរចាអាវុធរវាងរុស្ស៉ី និងកូរ៉េខាងជើង កំពុងមានភាពជឿនលឿនទៅមុខយ៉ាងសកម្ម។ តែលោកបានព្រមានថាកូរ៉េខាងជើងនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ប្រសិនបើហ៊ានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីមែននោះ៕