(ញូវដេលី)៖ ភាពចម្រូងចម្រាសបានផ្ទុះឡើងពេញប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី បានប្រើប្រាស់ឈ្មោះ «បារ៉ាត់» (Bharat) ជំនួសឱ្យឈ្មោះប្រទេសឥណ្ឌា នៅលើលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ដោយបង្កឱ្យមានការសង្ស័យ និងចោទសួរថាតើឈ្មោះប្រទេសឥណ្ឌាសព្វថៃ្ង អាចនឹងត្រូវបានប្ដូរ ឬក៏យ៉ាងណា?

នៅលើលិខិតអញ្ជើញចូលរួមពិធីទទួលអាហារពេលល្ងាចជាច្រើន ត្រូវផ្ញើកាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ ទៅកាន់ភ្ញៀវកិត្តិយសដែលនឹងត្រូវចូលរួម កិច្ចប្រជុំកំពូល G20 នៅចុងសប្ដាហ៍នេះ គេឃើញថាលោកស្រី Droupadi Murmu ត្រូវបានគេហៅថាជា «ប្រធានាធិបតីនៃប្រទេស Bharat» ជំនួសឱ្យ ពាក្យ «ប្រធានាធិបតីនៃប្រទេសឥណ្ឌា»។ លើសពីនេះទៅទៀត ក្នុងថ្ងៃដដែលនោះដែរ នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមដោយ អ្នកនាំពាក្យម្នាក់របស់គណបក្ស BJP ជាបក្សកាន់អំណាចសព្វថ្ងៃនៅឥណ្ឌា បាននិយាយថាលោក ម៉ូឌី នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេស ឥណ្ឌូណេស៊ី ក្នុងនាមជា «នាយករដ្ឋមន្ត្រីនៃប្រទេស Bharat»។

ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រទេសឥណ្ឌាគឺមានឈ្មោះផ្លូវការ ២ ដោយអាចហៅថាឥណ្ឌាក៏បាន និង Bharat ក៏បាន ប៉ុន្តែនៅជុំវិញពិភពលោក ភាគច្រើន លើសលប់គេស្គាល់តែឥណ្ឌាប៉ុណ្ណោះដែលជាឈ្មោះផ្លូវការ។ តើនេះមានន័យថារដ្ឋាភិបាល​របស់លោក ម៉ូឌី ចង់ប្ដូរឈ្មោះប្រទេសឬ?

* ហេតុអ្វីលោក ម៉ូឌី ចង់ប្រើឈ្មោះ Bharat?
ចាប់តាំងពីបានជាប់ឆ្នោតដឹកនាំប្រទេសកាលពីឆ្នាំ២០១៤មក លោក ម៉ូឌី និងរដ្ឋាភិបាលរបស់លោកបានប្ដូរឈ្មោះទីក្រុង និងទីកន្លែងមួយចំនួនមានពាក់ព័ន្ធ ឬបន្សល់ទុកតាំងពីសម័យអាណាចក្រ Mughal និងអាណានិគម។ ជាឧទាហរណ៍ កាលពីឆ្នាំ២០២២ ឧទ្យាន Mughal នៅឯវិមានប្រធានាធិបតីក្នុង ទីក្រុងញូវដេលី ត្រូវបានប្ដូរឈ្មោះទៅជា «Amrit Udyan»។ ការប្ដូរឈ្មោះរបៀបនេះត្រូវបានជំរុញលើកទឹកចិត្តដោយក្រុមអ្នកជាតិនិយមហិណ្ឌូ នៅក្នុងជួរ គណបក្ស BJP របស់លោក ម៉ូឌី។ បើតាមក្រុមអ្នករិះគន់ខ្លះ ការជំរុញឱ្យមានការផ្លាស់ប្ដូរ អាចបណ្ដាលមកពី «ឥណ្ឌា» គឺជាឈ្មោះនៃសម្ព័ន្ធភាព «Indian National Developmental Inclusive Alliance ឬហៅកាត់ថា INDIA» បង្កើតឡើងដោយគណបក្សប្រឆាំងចំនួន២៦ កាលពីខែកក្កដាកន្លងទៅ ដើម្បី ប្រកួតប្រជែងជាមួយលោក ម៉ូឌី និងគណបក្សរបស់លោកនៅក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០២៤។

ចំណែក ក្រុមអ្នករិះគន់ខ្លះទៀត បានលើកឡើងថាឈ្មោះថ្មីនេះ គឺជាការប៉ុនប៉ងដើម្បីលុបបំបាត់មរតកទាំងឡាយដែលបន្សល់ទុកដោយចក្រភព Mughals ដែលគ្រប់គ្រងដោយអ្នកកាន់សាសនាអ៉ីស្លាម ឬមូស្លីម និងដែលគ្រប់គ្រងឧបទ្វីបឥណ្ឌាអស់រយៈពេលជាង ៣០០ឆ្នាំ។

* តើឈ្មោះ Bharat ត្រូវបានប្រើនៅកន្លែងផ្សេងទៀត ឬទេ?
Bharat គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះផ្លូវការចំនួន២ សម្រាប់ហៅប្រទេសឥណ្ឌា ដូចមានចែងនៅក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញឥណ្ឌា។ ឈ្មោះ Bharat គេអាចឃើញច្រើននៅតាមស្ថាប័នជាតិ និមិត្តសញ្ញា ឬនិមិត្តរូប រាប់ចាប់ពីលិខិតឆ្លងដែនរហូតដល់ក្រដាសប្រាក់ ហើយប្រជាជនឥណ្ឌាទូទៅ តែងតែហៅឈ្មោះ ឥណ្ឌាថា Bharat នៅពេលពួកគេនិយាយភាសា «ហិណ្ឌូ»។ ឈ្មោះ Bharat នេះក៏ត្រូវបានឃើញប្រើប្រាស់យ៉ាងទូលំទូលាយដែរ នៅក្នុងខ្សែភាពយន្ដ និងបទចម្រៀងល្បីៗ ហើយតុលាការធម្មនុញ្ញឥណ្ឌា កាលពីឆ្នាំ២០១៦ បានសម្រេចថាឈ្មោះនេះអាចត្រូវបានប្រើជំនួសឱ្យឥណ្ឌា។ ឥណ្ឌាក៏ត្រូវបានហៅថា «Hindustan» ផងដែរ ដែលត្រូវបានហៅដោយក្រុមអ្នកជាតិនិយមហិណ្ឌូដែលចាត់ទុកថាជាឈ្មោះផ្លូវការនៃប្រទេសរបស់ពួកគេ។

* តើ Bharat មានប្រភពដើមមកពីណា?
ប្រភពដើមនៃឈ្មោះ Bharat គឺមានជាប់ពាក់ព័ន្ធនឹងដំណើររឿងជាច្រើននៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ឥណ្ឌា។ ពាក្យនេះគឺក្លាយមកពាក្យ ក្នុងភាសាសំស្រ្កឹត (Sanskrit) ថា «Bharata» មានន័យថា «ភ្លើង» ឬជាឈ្មោះរបស់ស្ដេចឥណ្ឌាមួយអង្គឈ្មោះ Bharata នៅក្នុងរឿងព្រេងបុរាណរបស់អ្នកកាន់សាសនាហិណ្ឌូ និង ដែលត្រូវបានគេចាត់ទុកថាជាបុព្វបុរសហិណ្ឌូ។ រីឯពាក្យឥណ្ឌាវិញ គឺក្លាយមកពីពាក្យ Sindhu នៅក្នុងភាសាសំស្រ្តឹតមានន័យ «ទន្លេ» និងដែលអារ៉ាប់ និងក្រិក ហៅថាហិណ្ឌ (Hind) និងក្រោយមកត្រូវបានហៅថាឥណ្ឌា។ ឈ្មោះឥណ្ឌានេះត្រូវបានហៅយ៉ាងទូលំទូលាយ នៅអំឡុងអាណានិគមអង់គ្លេស។

* តើឥណ្ឌាអាចប្ដូរឈ្មោះផ្លូវការរបស់ខ្លួន បានឬ?
មាត្រា១ នៃរដ្ឋធម្មនុញ្ញឥណ្ឌាបានចែងថាឈ្មោះផ្លូវការរបស់ឥណ្ឌា គឺមាន ២ដោយអាចហៅថា «ឥណ្ឌាក៏បាន និង Bharat ក៏បាន»។ បើតាមមាត្រានេះដដែល ឈ្មោះរបស់ប្រទេសឥណ្ឌា អាចត្រូវបានផ្លាស់ប្ដូរ ឬក៏ប្ដូរឈ្មោះមួយក្នុងចំណោមឈ្មោះទាំង២នេះ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការធ្វើវិសោធកម្ម រដ្ឋធម្មនុញ្ញទាមទារឱ្យមានសំឡេងគាំទ្រ ២ភាគ៣ នៃសភាជាន់ទាប និងសភាជាន់ខ្ពស់ឥណ្ឌា៕