(ហ្សាការតា)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងការជ្រៀតជ្រែក និងពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃសម័យកាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានថ្លែងបែបនេះ ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sok Yul នៅខាងក្រៅកិច្ចប្រជុំរបស់មេដឹកនាំ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅទីក្រុងហ្សាកាតា ដែលហៅថាកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦។

លោក Li ក៏បានអំពាវនាវឱ្យភាគីទាំងពីរ អនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ដោយប្រកាន់ខ្ជាប់នូវគោលដៅដើម នៃការបង្កើតទំនាក់ទំនងការទូត និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ៕