(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះផលវិបាក ដែលកើតចេញពីការបញ្ជូនសំបកគ្រាប់ដែលមានសារធាតុអ៊ុយរ៉ាញ៉ូម ទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់សំបកគ្រាប់រំអ៊ុយរ៉ាញ៉ូមដល់អ៊ុយក្រែន សម្រាប់បំពាក់រថក្រោះ Abrams ដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាថ្មីចំនួន ១៧៥ លានដុល្លារសម្រាប់ប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យនេះថា «វាអាក្រក់ណាស់... សំបកគ្រាប់អ៊ុយរ៉ាញ៉ូមទាំងនេះត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងប្រទេសយូហ្គោស្លាវី ហើយផលវិបាកធ្ងន់ធ្ងរនៃការប្រើប្រាស់អាវុធទាំងនេះ គេត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ»

លោក Peskov បាននិយាយទៀតថា ការប្រើប្រាស់សំបកគ្រាប់ទាំងនេះ នឹងនាំឱ្យមានការកើនឡើងយ៉ាងខ្លាំង ចំពោះចំនួនមនុស្សកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត ដោយបន្ថែមថា ផលវិបាកនឹងត្រូវបានគេដឹងច្បាស់ សម្រាប់មនុស្សជំនាន់ក្រោយ។

លោកបាននិយាយដូច្នេះទៀតថា «ការទទួលខុសត្រូវ (សម្រាប់ការសម្រេចចិត្តនេះ) នឹងស្ថិតនៅលើការដឹកនាំរបស់សហរដ្ឋអាមេរិកទាំងស្រុង»៕