(សៅប៉ូឡូ)៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង នៅឯភាគខាងត្បូងប្រទេសប្រេស៉ីល បានកើនឡើងដល់ ៣៦នាក់ ខណៈដែលព្យុះស៊ីក្លូនត្រូពិចវាយលុក និងគ្របដណ្តប់លើតំបន់នេះ ធ្វើឲ្យជន់លិចផ្ទះសម្បែង និងទឹកទន្លេជន់ឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
រូបភាពដែលទទួលបានដោយ Reuters បង្ហាញឲ្យឃើញទឹកជន់លិចផ្លូវ និងផ្ទះនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈទឹកទន្លេក៏បានជន់ឡើងផងដែរ។ តាមការព្យាករ អាចមានភ្លៀងធ្លាក់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលបាត់បង់ឥទ្ធិពលទៅវិញនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយរដ្ឋនៅតែប្រកាសអាសន្នសម្រាប់ទឹកជំនន់។
លោកប្រធានាធិបតី លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា បានចេញបញ្ជាឲ្យអភិបាលរដ្ឋ Rio Grande do Sul ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលសហព័ន្ធ ព្រមទាំងបញ្ជូនរដ្ឋមន្ត្រី ២នាក់ទៅត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
គួរបញ្ជាក់ថា ទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ដែលមានពលរដ្ឋជាង ១១លាននាក់ គឺជាគ្រោះមហន្តរាយធម្មជាតិថ្មីមួយទៀត នៅប្រេស៉ីល បន្ទាប់ពីមនុស្សច្រើនជាង ៥០នាក់បានស្លាប់ក្នុងរដ្ឋធានីសៅប៉ូឡូ (Sao Paulo) នៅក្នុងឆ្នាំ ២០២៣ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដី និងទឹកជំនន់៕