(យ៉េរ៉េវ៉ាន់)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេនីបានប្រកាសថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដែលជាសញ្ញាបង្ហាញឱ្យឃើញពីស្នាមប្រេះ នៅក្នុងទំនាក់ទំនងរបស់ប្រទេសអាស៉ីកណ្តាលមួយនេះ ជាមួយនិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងការពារជាតិអាមេនីបាននិយាយថា គោលបំណងនៃសមយុទ្ធយោធាខាងលើ ហៅថា Eagle Partner 2023 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា គឺដើម្បីត្រៀមលក្ខណៈកងកម្លាំងរបស់ខ្លួន សម្រាប់ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ បើយោងតាមអ្នកនាំពាក្យយោធាអាមេរិក គឺទាហានអាមេរិក៨៥នាក់ រួមជាមួយទាហានអាមេនី១៧៥នាក់ នឹងចូលរួមក្នុងសមយុទ្ធនោះ។
សមយុទ្ធយោធាអាមេនី-អាមេរិកនេះ គឺចំពេលដែលទីក្រុងយ៉េរ៉េវ៉ាន់ កាន់តែមានការមិនពេញចិត្តខ្លាំងឡើងៗជាមួយទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan ធ្លាប់បានចោទប្រកាន់ថា រុស្ស៉ីបរាជ័យក្នុងការជួយការពារប្រទេសរបស់លោក ដើម្បីប្រឆាំងទប់ទល់ទៅនឹងអ្វីដែលលោកហៅថា ការបន្តវាយប្រហារបំពានឥតឈប់ពីសំណាក់អាស៊ែបៃហ្សង់។
គួរបញ្ជាក់ថា ទោះបីសមយុទ្ធយោធារួមខាងលើមានទ្រង់ទ្រាយតូចក៏ដោយ រុស្ស៉ីបាននិយាយថា ខ្លួននឹងឃ្លាំមើលវាយ៉ាងដិតដល់។ រុស្ស៉ីមានមូលដ្ឋានយោធាមួយកន្លែង នៅក្នុងប្រទេសអាមេនី ហើយចាត់ទុកខ្លួនឯងជាមហាអំណាចធំជាងគេ ប្រចាំនៅតំបន់អាស៉ីកណ្តាល ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀតរហូតដល់ឆ្នាំ១៩៩១។ រុស្ស៉ីក៏មានកងកម្លាំងរក្សាសន្តិភាពនៅក្នុងតំបន់ផងដែរ ដើម្បីការពារកិច្ចព្រមព្រៀងដែលបានបិទបញ្ចប់ សង្រ្គាមរយៈពេលខ្លីរវាងអាមេនីនិងអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០២០ ខណៈវាគឺជាសង្រ្គាមលើកទី២ហើយ ដែលប្រទេសជិតខាងទាំងពីរបានប្រយុទ្ធគ្នា គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក៕