(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានលើកឡើងថា ការប៉ុនប៉ងណាមួយដើម្បីកែប្រែស្ថានភាពដើមដោយប្រើកម្លាំង នៅឯសមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ គឺមិនអាច​អត់ឱនឱ្យបាននោះទេ ហើយរូបលោក បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើក្បួនច្បាប់ នៅក្នុងតំបន់។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងដូចខាងលើ ក្នុងកិច្ចប្រជុំកំពូលអាស៉ីបូព៌ាជាមួយក្រុមប្រទេសអាស៊ាន ចិន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក លោក យូន បាន​សង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបង្កើត សណ្តាប់ធ្នាប់ដែនសមុទ្រមួយ ដែលឈរលើគោលការណ៍ច្បាប់ នៅសមុទ្រចិនខាងត្បូង ដែលជា​តំបន់សមុទ្រមានបញ្ហាជម្លោះ និងជាច្រកផ្លូវសមុទ្រដ៏សំខាន់នៅក្នុងតំបន់។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក យូន ស៊ុកយុល ក៏បានគូសរំលេចផងដែរ អំពីការគំរាមកំហែងនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស​កូរ៉េខាងត្បូង ដោយលោកបាននិយាយថា វាគឺជាការគំរាមកំហែងពិតប្រាកដជាក់ស្តែងមួយ ដែលអាចកំណត់គោលដៅលើប្រទេសនានា ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលនៅឥណ្ឌូណេស៉ី ហើយលោក យូន បានសង្កត់ធ្ងន់ថែមទៀត អំពីភាពទទួលខុសត្រូវដ៏ធំនៃបណ្តាប្រទេស ដែលជាសមាជិក​អចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះបញ្ហានេះ៕