(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានបាញ់បង្ហោះរ៉ុក្កែតអវកាស ដើម្បីនាំយកយានរ៉ូបូតទៅចុះចតនៅលើផ្ទះព្រះចន្ទ ខណៈបើជោគជ័យ វានឹងជាលើកដំបូង សម្រាប់ប្រទេសអាស៉ីខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

រ៉ុក្កែតអវកាស H2-A បានហោះឡើងចេញពីផ្ទៃផែនដី កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយវាមានផ្ទុកយានរ៉ូបូតសម្រាប់ចុះចត១គ្រឿងឈ្មោះ SLIM ដែលគេរំពឹងថា នឹងទៅចុះចតលើផ្ទះរបស់ព្រះចន្ទ ក្នុងចន្លោះពេល៤-៦ខែខាងមុខ។ មុនប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍នេះ បេសកកម្ម Moon Sniper ត្រូវបានពន្យារពេលសរុប៣លើក ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ រ៉ុក្កែតខាងលើ ក៏មានផ្ទុកផ្កាយរណបស្រាវជ្រាវមួយគ្រឿងផងដែរ ដែលអភិវឌ្ឍឡើងរួមគ្នាដោយទីភ្នាក់ងារអវកាសជប៉ុន JAXA, ទីភ្នាក់ងារអវកាស NASA របស់អាមេរិក ហើយនិងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។

គួរបញ្ជាក់ថា បេសកកម្មរបស់ជប៉ុនធ្វើឡើង បន្ទាប់ពីឥណ្ឌាបានទទួលជោគជ័យ កាលពីខែសីហា ក្នុងការចុះចតយានរ៉ូបូតនៅតំបន់ប៉ូល​ខាងត្បូងរបស់ព្រះចន្ទ។ ឥណ្ឌាបានក្លាយជាប្រទេសទី៤ ដែលបានចុះចតយានរ៉ូបូតលើផ្ទៃព្រះចន្ទ គឺបន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន ហើយជាប្រទេសដំបូងគេ ដែលបានធ្វើយ៉ាងដូច្នោះនៅប៉ូលខាងត្បូងព្រះចន្ទ។ ការព្យាយាមចុះចតយានរ៉ូបូតកន្លងៗមករបស់ជប៉ុន គឺបានទទួលបរាជ័យ ក្នុងរួមមានទាំងកាលពីឆ្នាំមុន នៅពេលដែលជប៉ុនបានបញ្ជូនយានស្រាវជ្រាវមួយ ឈ្មោះថា Omotenashi ដែលស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីអវកាសឋានព្រះចន្ទ Artemis របស់អាមេរិក៕