(ហ្សាការតា)៖ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) កាលពីថ្ងៃពុធសប្តាហ៍នេះ បានពន្យល់ពី គោលជំហររបស់ជប៉ុនលើការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «អំឡុងពេលជជែកគ្នានោះ ខ្ញុំបានពន្យល់ពីគោលជំហររបស់ជប៉ុន ជុំវិញការចាត់ចែងបញ្ចេញទឹកចម្រោះ ចេញពីរោងចក្រ Fukushima ទៅកាន់លោកនាយករដ្ឋមន្ត្រី លី។ លោក គីស៉ីដា បានបដិសេធនិយាយពីការឆ្លើយតបរបស់លោក លី។
បើតាមក្រសួងការបរទេសជប៉ុន នេះជាការពិភាក្សាកម្រិតខ្ពស់លើកទី១ រវាងប្រទេសទាំងពីរចាប់តាំងពីមានការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពី រោងចក្រ Fukushima។
គួរបញ្ជាក់ថា ជប៉ុន បានបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ដោយទទួលរងនូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ ប្រទេសចិន និងឈានដល់ការដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន៕