(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញានេះបានរាយការណ៍ថាប្រតិភូគណបក្សកម្មុយនិស្ដ និងរដ្ឋាភិបាល ចិនមួយក្រុមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក លីវ ហ្គូចុង (Liu Guozhong) នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីចូលរួមពិធីប្រារព្ធខួបនៃថ្ងៃ បង្កើតប្រទេសកូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាម KCNA ដំណើរទស្សនកិច្ចរបស់ប្រតិភូចិន ធ្វើឡើងតាមតបតាមការអញ្ជើញពីគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលសាធារណរប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ឬកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង នឹងត្រូវប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញានេះ ដែលគេស្គាល់ជាទូទៅ «ទិវាបង្កើតសាធារណរដ្ឋ» ហើយក្នុងឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ ចាប់តាំងពីឧបទ្វីបកូរ៉េត្រូវបានរំដោះចេញពីអាណានិគមរបស់ជប៉ុន។ សេចក្ដីរាយការណ៍របស់ KCNA កើត មានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបាននិយាយថាលោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់។

មិនតែប៉ុណ្ណោះ កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានឱ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន អាចនឹងធ្វើឡើងនៅក្នុងខែកញ្ញានេះ ឬអាចនៅសប្ដាហ៍ក្រោយនេះតែម្ដង។ ប៉ុន្តែ ទាំងខាងវិមានក្រឹមឡាំង និងកូរ៉េខាងជើងមិនបានទទួលស្គាល់ សេចក្ដីរាយការណ៍នេះទេ៕