(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ធានាការផ្គត់ផ្គង់ថាមពល និងប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នេះបើតាមកាសែតក្នុងស្រុក Vietnam News បានរាយការណ៍នៅថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣។
កាសែតបានរាយការណ៍ថា សេចក្តីណែនាំនេះត្រូវបានប្រកាស បន្ទាប់ពីមានការរំខានមួយចំនួន នៅក្នុងការផ្គត់ផ្គង់ថាមពល រួមទាំងការខ្វះខាតថាមពលផ្នែកខ្លះនៅភាគខាងជើងប្រទេសនារដូវប្រាំងនៅឆ្នាំនេះ និងការកង្វះខាតប្រេងនៅក្នុងតំបន់មួយចំនួន កាលពីចុងឆ្នាំ ២០២២ កន្លងទៅ។
លោកបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបញ្ចប់ផែនការធានាការផ្គត់ផ្គង់អគ្គិសនីសម្រាប់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ សម្រាប់ខែដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការខ្វះថាមពលមិនគួរត្រូវបានអនុញ្ញាតក្នុងកាលៈទេសៈណាមួយឡើយ៕