(អ៉ីស្តង់ប៊ុល)៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សចំនួន ៥នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ នៅភាគពាយព្យនៃប្រទេសតួកគី។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ មនុស្ស ៣នាក់បានស្លាប់ និង ៣នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងខេត្តឃីកឡារេលី (Kirklareli) ជិតព្រំដែនជាមួយប្រទេសប៊ុលហ្ការី និងក្រិក បន្ទាប់ពីទឹកជន់ផ្ទះរបស់ពួកគេ។ ដោយឡែក មនុស្ស ២នាក់ផ្សេងទៀតបានស្លាប់ និង ៣១នាក់រងរបួសនៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល។ រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ហើយសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារ នៅតំបន់រងគ្រោះដោយទឹកជំនន់។

គួរបញ្ជាក់ថា ព្យុះភ្លៀង បានបណ្តាលឲ្យមានទឹកជំនន់មិនធ្លាប់មានពីមុនមកនៅប៉ែកអឺរ៉ុបភាគអាគ្នេយ៍ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជំរុញឲ្យមានការជម្លៀសប្រជាជន។ ភ្លៀងធ្លាក់ខ្លាំងជន់លិចផ្ទះ និងអាជីវកម្មនានានៅភាគកណ្តាលប្រទេសក្រិក ក៏បានសម្លាប់មនុស្ស ២នាក់ផងដែរ នាថ្ងៃពុធនេះ ខណៈដែលមានមនុស្ស ២នាក់ស្លាប់ដោយសារទឹកជំនន់ នៅក្នុងតំបន់សមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្ការី កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕