(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នាថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយមិនបានប្រកាសឱ្យដឹងជាមុន ហើយលោកត្រូវគេរំពឹងថា នឹងប្រកាសជំនួយទំហំលើស១ពាន់លានដុល្លារថ្មីទៀត សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា លោក Blinken បានទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន ហើយត្រូវបានទទួលស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី ប៊្រីចិត ប៊្រីង (Bridget Brink)។ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានបង្ហើបថា «យើងរំពឹងថា លោករដ្ឋមន្រ្តី Blinken នឹងប្រកាសជំនួយថ្មីទៀតរបស់សហរដ្ឋអាមេរិក ដែលមានទំហំច្រើនជាង១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អំលុងដំណើរបំពេញទស្សនកិច្ចនេះ»។
គួរបញ្ជាក់ថា ទស្សនកិច្ចនាថ្ងៃពុធនេះ គឺជាដំណើរទស្សនកិច្ចលើកទី៤ហើយ របស់លោក Blinken ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះទៀតសោត កើតមានឡើងរយៈពេលជិត៦ខែ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចទៅទីក្រុងកៀវ ក្នុងឱកាសខួប១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕