(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី​ អាល់បានីស (Anthony Albanese) នៅថ្ងៃពុធនេះបាននិយាយថា អូស្រ្តាលី​នឹងទទួលស្វាគមន៍ បណ្តាមេដឹកនាំមកពីប្លុកប្រទេសអាស៊ាន នៅឯទីក្រុងមែលប៊ន (Melbourne) នាខែមីនា ឆ្នាំក្រោយ សម្រាប់ការបើក​កិច្ចប្រជុំកំពូលពិសេសមួយ ក្នុងឱកាសខួប៥០ឆ្នាំ នៃទំនាក់ទំនងអូស្រ្តាលី-អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៣។

លោក អាល់បានីស បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សាការតា ឱ្យដឹងថាលោកបានសរសេរទៅកាន់មេដឹកនាំអាស៊ានទាំងអស់ ដើម្បីអញ្ជើញឱ្យចូលរួម ព្រឹត្តិការណ៍ដ៏សំខាន់ខាងលើ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ បើតាមលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី កិច្ចប្រជុំកំពូលនោះ ក៏នឹងអាចបម្រើជាឱកាសមួយ សម្រាប់ជំនួបការទូតទ្វេភាគីនិងវេទិកាធុរកិច្ចផងដែរ។

លោក អាល់បានីស បានធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៉ី ដើម្បីចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ចំពេលមួយដែលអូស្រ្តាលីកំពុងព្យាយាមពង្រឹង ទំនាក់ទំនងរបស់ខ្លួននៅទូទាំងតំបន់អាស៉ី ក្រោមគោលដៅប៉ុនប៉ងកសាងចំណងទាក់ទងផ្នែកសេដ្ឋកិច្ចនិងការទូត ជំនួសឱ្យប្រទេសចិន។ លោក អាល់បានីស ក៏បានលើកឡើងផងដែរថា អាស៊ានមានសារសំខាន់ណាស់សម្រាប់អនាគតរបស់ប្រទេសអូស្រ្តាលី។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្ថែមយ៉ាងដូច្នេះថា​ «ទីនេះគឺជាកន្លែងដែលសេដ្ឋកិច្ចអូស្រ្តាលីស្ថិតនៅ ហើយទីនេះគឺជាកន្លែងដែល​វិបុលភាពរួមរបស់យើងអាចកសាងឡើង។ មិនតែប៉ុណ្ណោះ វាជាកន្លែងដែលនៅពេលយើងធ្វើការរួមគ្នា គឺសន្តិភាព ស្ថិរភាព និង​សន្តិសុខនៃតំបន់នេះ ហើយនិងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកទាំងមូល អាចត្រូវធានាបាន»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានមានប្រព្រឹត្តទៅជាមួយ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris), នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូផ្សេងៗទៀត រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ហើយចំពេលដែលសមាជិកនៃប្លុកនេះ បាននិងកំពុងមានក្តីបារម្ភថា ពួកគេអាចនឹងត្រូវអូសទាញឱ្យធ្លាក់ចូល​ក្នុងបញ្ហាជម្លោះរវាងកំពូលមហាអំណាច៕