(ហ្សាការតា)៖ នៅឯទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី នាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវតែបង្ហាញនូវភាពជាអ្នកដឹកនាំ ដើម្បីដោះស្រាយបញ្ហាសកល ក៏ដូចជាដើម្បីឲ្យភាគីទាំងពីអាចបន្តកិច្ចសន្ទនាគ្នា កសាងទំនុកចិត្តជាយុទ្ធសាស្រ្តនៅគ្រប់កម្រិត ហើយស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លោក លី បានបន្ថែមថា អាស៊ានកំពុងតាមដានដោយការព្រួយបារម្ភយ៉ាងខ្លាំង អំពីគន្លងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ លោក លី បានគូសបញ្ជាក់ថា «អាស៊ានមានការចាប់អារម្មណ៍ នៅពេលដែលភាពតានតឹងរវាងមហាអំណាចទាំងពីរ ជះឥទ្ធិពលទៅក្នុងតំបន់ និងអាចធ្វើឲ្យខូចដល់សន្តិភាព វិបុលភាព ស្ថិរភាព ដែលយើងទាំងអស់គ្នាទទួលបាន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»

ដោយឡែក នាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) ក៏បានគូសបញ្ជាក់ដែរថា «អាស៊ាន និងចិន បានចែករំលែកការស្វែងរកសន្តិភាពឥតឈប់ឈរ ដោយសារតែការយល់ដឹងយ៉ាងច្បាស់អំពីការលំបាក។យើងមានសេចក្តីប្រាថ្នាដូចគ្នាចំពោះការអភិវឌ្ឍន៍ ហើយបានធ្វើសកម្មភាពយ៉ាងពិតប្រាកដដើម្បីរក្សាស្ថិរភាពក្នុងតំបន់»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន គឺជាកិច្ចប្រជុំដំបូងក្នុងចំណោមកិច្ចប្រជុំកំពូលអាស៊ាន ជាមួយដៃគូខាងក្រៅ នៅថ្ងៃពុធនេះ ដែលនឹងរួមមានមានកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិកផងដែរ៕