(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះការបើកកិច្ចប្រជុំលើកទី ១០ នៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ។

លោក Xi Jinping បានលើកឡើងថា តាំងពីការចាប់ដំណើរការយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃកាលពីឆ្នាំ២០១៣ មក រដ្ឋសមាជិកនានាបានប្រកាន់ខ្ជាប់និងផ្សព្វផ្សាយនូវ "ស្មារតីសៀងហៃ" គាំទ្រគ្នាទៅវិញទៅមក រួមសហការគ្នាដោយស្មោះត្រង់ បន្តជំរុញការកសាងនីតិរដ្ឋរបស់ប្រទេសនានា ពង្រឹងការផ្លាស់ប្តូរអន្តររដ្ឋាភិបាល និងការរៀនសូត្រទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ បន្តធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យសេវាកម្មច្បាប់ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ពោលគឺបានដើរតួនាទីយ៉ាងសំខាន់។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយរដ្ឋសមាជិកនានា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងរដ្ឋបាលតុលាការក្នុងយុគសម័យថ្មី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ នៃប្រទេសនានាតាមរយៈការគ្រប់គ្រងដោយច្បាប់ គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន