(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) បាននិយាយនៅថ្ងៃពុធនេះថា វាជារឿងដ៏សំខាន់មួយក្នុងការចៀសវាង «សង្រ្គាមត្រជាក់ថ្មី» នៅពេលដោះស្រាយបញ្ហាជម្លោះរវាងប្រទេសនិងប្រទេស ស្របពេលដែលក្រុមមេដឹកនាំពិភពលោក កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ចំពោះមុខការកើនឡើងនៃកិច្ចប្រឹងប្រែងប្រកួតប្រជែងភូមិសាស្រ្តនយោបាយ នៅទូទាំងតំបន់​ឥណ្ឌូ-ប៉ាស៉ីហ្វិក រវាងកំពូលមហាអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងអំលុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលមានការចូលរួមពីសំណាក់ក្រុមប្រទេសជាសមាជិកអាស៊ាន ព្រមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង លោក លី បានលើកឡើងថា បណ្តាប្រទេសទាំងអស់ត្រូវដោះស្រាយភាពខ្វែងគំនិតគ្នា និងបញ្ហាជម្លោះឱ្យបានត្រឹមត្រូវ។ នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តីចិន បានសង្កត់ធ្ងន់ដូច្នេះថា «ពេលនេះវាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការប្រឆាំងចំពោះការប្រកាន់បក្ខពួកនិយម ការប្រឈមមុខគ្នារវាងប្លុក ហើយនិងសង្រ្គាមត្រជាក់ថ្មី»។

អាស៊ានដែលកន្លងមកបានព្រមានជារឿយៗ អំពីគ្រោះថ្នាក់នៃការត្រូវអូសទាញឱ្យធ្លាក់ទៅក្នុង បញ្ហាជម្លោះរវាងកំពូលមហាអំណាចនោះ ក៏បាននិងកំពុងរៀបចំ កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ជាមួយ មេដឹកនាំនៃបណ្តាប្រទេសជាដៃគូដទៃទៀតផងដែរ រួមមានទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងឥណ្ឌា។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនបានមកចូលរួមកិច្ចប្រជុំកំពូល​ជាមួយអាស៊ាន នៅឥណ្ឌូណេស៉ីឡើយ។ សម្រាប់លោក បៃដិន គឺលោកបានបញ្ជូន អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ឱ្យមកជំនួស ខណៈសម្រាប់លោក ស៉ី គឺលោក លី បានមកជំនួស៕