(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធនេះថា ការប៉ុនប៉ងទាំងឡាយដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង លើកិច្ចការយោធាក្នុងរបៀបមួយដែលធ្វើឱ្យខូចសុខសន្តិភាពអន្តរជាតិ ចាំបាច់ត្រូវតែបញ្ឈប់ជាប​ន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក យូន បានលើកឡើងដូចខាងលើ អំលុងកិច្ចប្រជុំកំពូលជាមួយក្រុមប្រទេសអាស៊ាន នៅឯទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា «ការប៉ុនប៉ងបង្កើតកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើង ដែលធ្វើឱ្យខូចខាតចំពោះសន្តិភាពអន្តរជាតិ ចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់»។ ការអត្ថាធិប្បាយបែបនេះរបស់លោក យូន បានកើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងនិងរុស្ស៉ីកំពុងតែសំងំចរចាគ្នាយ៉ាងសកម្មពាក់ព័ន្ធរឿងសព្វាវុធ ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានផែនការបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតអាមេរិក New York Times បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ទីក្រុង វ៉្លាឌីវ៉ូស្តុក (Vladivostok) នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ក្នុងខែកញ្ញានេះ នឹងផ្តោតមួយផ្នែកទៅលើកិច្ចពិភាក្សា អំពីការផ្គត់ផ្គង់សព្វាវុធឱ្យទៅទីក្រុងមូស្គ សម្រាប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ បានបដិសេធចំពោះការសង្ស័យថា ពួកគេកំពុង​ស្ថិតក្នុងការចរចាគ្នារឿងសព្វាវុធ៕