(ឡុងដ៍)៖ ក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃពុធនេះថា ក្រុមទាហានស៉ីឈ្នួល Wagner Group របស់ប្រទេសរុស្ស៉ី នឹងត្រូវចាត់ថ្នាក់ជា អង្គការភេរវករដោយរដ្ឋាភិបាលអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងបទបញ្ជាមួយ ដែលត្រូវដាក់ទៅកាន់សភា នឹងអនុញ្ញាតឱ្យទ្រព្យសម្បត្តិទាំងអស់របស់ Wagner អាចត្រូវចាត់ថ្នាក់ជាទ្រព្យសម្បត្តិរបស់អង្គការភេរវករនិងរឹបអូសទុកបាន ហើយការចូលជាសមាជិកឬការគាំទ្រក្រុមទាហានស៉ីឈ្នួលនេះ នឹងជារឿងខុសច្បាប់ ដែលប្រឈមការមានទោសជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។ បទបញ្ជានោះ ត្រូវបានរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា។ ក្រោយពេលចូលជាធរមាន ការលើកកម្ពស់ផ្សព្វផ្សាយអំពីក្រុម Wagner ការជួយសម្របសម្រួលកិច្ចប្រជុំ និងការកាន់បង្ហាញនិមិត្តសញ្ញារបស់ក្រុមនេះ នៅតាមទីសាធារណៈ ក៏ត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ផងដែរ។
ក្រុមទាហានស៉ីឈ្នួល Wagner បានធ្វើប្រតិបត្តិការនៅស៉ីរី លីប៊ី ក៏ដូចជាប្រទេសជាច្រើនទៀត នៅឯតំបន់ភាគខាងជើងនិងភាគខាងលិចទ្វីបអាហ្រ្វិក។ Wagner បានកែនអ្នកទោសរាប់ពាន់នាក់ចេញពីពន្ធនាគារនៅប្រទេសរុស្ស៉ី ដើម្បីយកទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ដោយបានផ្តល់កងកម្លាំងវាយលុកចម្បង សម្រាប់ប្រតិបត្តិការអំលុងរដូវរងាឆ្នាំ២០២២-២០២៣ របស់រុស្ស៉ីនៅទីនោះ។
កាលពីខែមិថុនា ឆ្នាំនេះ Wagner បានធ្វើសកម្មភាពបះបោរប្រដាប់អាវុធរយៈពេលខ្លីមួយនៅរុស្ស៉ី ដែលត្រូវបានចាត់ទុកជា អំពើក្បត់ជាតិដោយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយកាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ ថៅកែក្រុមទាហានស៉ីឈ្នួលនេះ គឺលោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងក្រុមមេបញ្ជាការជាន់ខ្ពស់របស់ Wagner បានបាត់បង់ជីវិត ក្នុងករណីធ្លាក់យន្តហោះ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២០ ទៅលើលោក Prigozhin ហើយដាក់ទៅលើក្រុម Wagner ទាំងមូលតែម្តង កាលពីខែមីនា ឆ្នាំ២០២២។ រីឯកាលពីខែកក្កដា ឆ្នាំនេះ ចក្រភពអង់គ្លេស ក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គលនិងក្រុមហ៊ុននានា ដែលមានទំនាក់ទំនងជាមួយ Wagner នៅឯសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី និងស៊ូដង់ ថែមទៀតផង៕