(តូក្យូ)៖ អ្នកនាំពាក្យតុលាការនៅប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃពុធនេះថា បុរសម្នាក់ដែលជាប់សង្ស័យក្នុងសកម្មភាពចោលគ្រាប់បែកច្នៃ ទៅលើនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា កាលពីខែមេសានោះ គឺត្រូវបានចោទប្រកាន់ជាផ្លូវការហើយ អំពីបទប៉ុនប៉ងឃាតកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៣។
លោក រីយ៊ូជិ គីមូរ៉ា (Ryuji Kimura) វ័យ២៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុផ្ទាល់ ក្រោយជាប់សង្ស័យគប់គ្រឿងផ្ទុះទៅលើ លោក គីស៉ីដា អំលុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត នៅភាគខាងលិចប្រទេសជប៉ុន ខណៈលោកនាយករដ្ឋមន្រ្តីជប៉ុន ពុំបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ក្រោយការវាយប្រហារនោះ។ ម៉្សៅរំសេវ ព្រមទាំងវត្ថុដូចជាសំបកគ្រាប់បែកនិងឧបករណ៍ផ្សេងៗទៀត ត្រូវបានរកឃើញនៅផ្ទះរបស់លោក Kimura អំលុងការចុះឆែកឆេររបស់ប៉ូលិស នៅក្រោយការវាយប្រហារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Kimura មិនបានផ្តល់ចម្លើយអ្វីទាំងអស់ ចាប់តាំងតែពីការចាប់ខ្លួន ខណៈរូបលោកបានឆ្លងកាត់ការវាយតម្លៃសុខភាពផ្លូវចិត្ត អស់រយៈពេលប្រមាណជា៣ខែ។ ពីមុនមក លោក Kimura ធ្លាប់បានដាក់ពាក់បណ្តឹងប្រឆាំងនឹងរដ្ឋាភិបាល ដោយរិះគន់លើការកំណត់អាយុអប្បរមានៅក្នុងប្រទេសជប៉ុន សម្រាប់ការឈរក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា ករណីវាយប្រហារលើលោក គីស៉ីដា បានកើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ ត្រូវបានគេធ្វើឃាតដោយបាញ់សម្លាប់ អំលុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២២៕