(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចាយសានកា (Subrahmanyam Jaishankar) នៅថ្ងៃពុធនេះ បាននិយាយថា ការដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ខកខានចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងសប្តាហ៍នេះ ដែលត្រូវធ្វើឡើងនៅទីក្រុងញូដេលី គឺមិនមែនជារឿងចម្លែកនោះឡើយ ហើយមិនមានអ្វីពាក់ព័ន្ធជាមួយឥណ្ឌាទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ANI លោក Jaishankar បាននិយាយដូច្នេះថា «ទេ ទេ... ខ្ញុំមិនគិតថា វាមានពាក់ព័ន្ធអ្វីជាមួយខាងឥណ្ឌាឡើយ។ ខ្ញុំគិតថា ការសម្រេចចិត្តណាមួយក៏ដោយរបស់ពួកគេ គឺពួកគេផ្ទាល់ទើបជាអ្នកយល់ច្បាស់។ ទោះជាបែបនេះក្តី ខ្ញុំមិនមើលឃើញវាក្នុងរបៀប ដូចដែលអ្នកលើកឡើងនោះទេ»។ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានលើកឡើងបែបនេះ ក្រោយត្រូវបានសាកសួរថា តើលោក ស៉ី និងលោក ពូទីន សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូល G20 ដោយសារតែ មានការមិនពេញចិត្តចំពោះឥណ្ឌាឬយ៉ាងណា។
ដោយឡែក នៅពេលត្រូវបានសាកសួរថា តើអវត្តមានរបស់មេដឹកនាំទាំង២ អាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងស្វែងរកការឯកភាពគ្នា និងការចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំដែរឬអត់នោះ លោក Jaishankar បាននិយាយថា ឥឡូវការចរចាកំពុងតែប្រព្រឹត្តទៅបណ្តើរៗហើយ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ក្តីរំពឹងចំពោះកិច្ចប្រជុំ G20 លើកនេះ គឺមានកម្រិតខ្ពស់មួយ ហើយទីក្រុងញូដេលី កំពុងជួបបញ្ហាប្រឈមនៃការដោះស្រាយពិភពលោកមួយ ដែលស្ថិតក្នុងសភាពដ៏លំបាកខ្លាំង នៅក្រោមផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ជម្លោះ បញ្ហាប្រែប្រួលអាកាសធាតុ បំណុល និងនយោបាយ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៩-១០ ខែកញ្ញា ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នេះ៕