(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃពុធនេះ បាននិយាយថា ជប៉ុននឹងពង្រឹងបន្ថែមទៀតនូវការគាំទ្រក៏ដូចជា​កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៃតំបន់អាស៉ីអាគ្នេយ៍ ក្នុងវិស័យចំនួន៦ ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង​ការល្បាតដែនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីស៉ីដា បានថ្លែងដូចខាងលើ អំលុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៉ីហ្វិក ហៅកាត់ AIPF នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន រួមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ក្នុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្រ្តីជប៉ុន បាននិយាយដូច្នេះថា «យើងនឹងអភិវឌ្ឍកិច្ចផ្តួចផ្តើមសហប្រតិបត្តិការយ៉ាងទូលាយទូលាយ ក្នុងវិស័យដូចជានយោបាយ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច និងសង្គមជាដើម»

បើតាមលោក គីស៉ីដា ជប៉ុននឹងផ្តល់ការបណ្តុះបណ្តាលដល់មនុស្សចំនួន៥,០០០នាក់ អំលុងរយៈពេល៣ឆ្នាំខាងមុខ ក្នុងវិស័យចំនួន៦ ដែលរួមមានទាំង កិច្ចសហប្រតិបត្តិការលើបណ្តាញព័ត៌មានវិទ្យា។ រីឯគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺមានទាំងការការសាងសង់​កំពង់ផែសមុទ្រ ផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋាន។ មិនតែប៉ុណ្ណោះ ជប៉ុនក៏នឹងជួយពង្រឹងសមត្ថភាពអនុវត្តច្បាប់ដែនសមុទ្រផងដែរ តាមរយៈការបណ្តុះបណ្តាល បុគ្គលិកនៅតាមអង្គភាពឆ្មាំសមុទ្រនិងប៉ូលិសដែនសមុទ្រ ព្រមទាំងផ្តល់យានសម្រាប់ល្បាត។

គួរបញ្ជាក់ថា ជាមួយគ្នានេះ បើតាមលោកនាយករដ្ឋមន្រ្តីជប៉ុន ក្រោយកើតមានផលវិបាក ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី​នៅអ៊ុយក្រែន ប្រទេសជប៉ុននឹងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ជាមួយតំបន់អាស៉ីអាគ្នេយ៍ ដើម្បីធានាបាននូវប្រព័ន្ធចែកចាយមួយដែលមានស្ថិរភាពរឹងមាំ សម្រាប់ទំនិញនិងសន្តិសុខស្បៀង។ នៅខែធ្នូ ឆ្នាំនេះ ទីក្រុងតូក្យូនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ជាមួយក្រុមមេដឹកនាំអាស៊ាន ដើម្បីអបអរខួប៥០ឆ្នាំ នៃទំនាក់ទំនងជប៉ុន-អាស៊ានថែមទៀតផង៕