(ហ្សាការតា)៖ នៅឯកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) បានគូសបញ្ជាក់ថា ចិនចង់ធ្វើការជាមួយឥណ្ឌូណេស៉ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងថាមពលបៃតង សេដ្ឋកិច្ចឌីជីថល វិស័យវេជ្ជសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI)។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ លោក លី បានប្រាប់បណ្តាមេដឹកនាំធុរកិច្ចដែលកំពុងចូលរួមក្នុងប្រជុំរបស់ តំបន់អាស៊ាន យ៉ាងដូច្នេះថា «ចិននឹងពង្រីកឥតឈប់ឈរនូវគោលនយោបាយបើកចំហជាប្រព័ន្ធ បន្ធូរបន្ថយដល់ដំណើរការចូលមកក្នុងទីផ្សារ បន្ថែមទៀតនៅក្នុងវិស័យដូចជា សេវាឧស្សាហកម្មទំនើប បង្កើនការការពារកម្មសិទ្ធិបញ្ញា និងបង្កើតបរិយាកាសធុរកិច្ចលំដាប់ខ្ពស់»។ លោក លី ក៏បានសម្តែងក្តីរំពឹងថា ឥណ្ឌូណេស៉ី នឹងរក្សាបាននូវទីផ្សារបើកចំហររបស់ខ្លួន ហើយផ្តល់បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ សម្រាប់សហគ្រាសចិន។

គួរបញ្ជាក់ថា ការគូសបញ្ជាក់ឡើងវិញរបស់លោក លី ជុំវិញបរិយាកាសធ្វើធុរកិច្ចក្នុងប្រទេសចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ស្តីពីទិន្នន័យ សេដ្ឋកិច្ចចិន បានបង្ហាញនូវភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចចិន នាំឲ្យមានការកើនឡើងនូវមន្ទិលសង្ស័យក្នុងទីផ្សារចិន៕