(ណៃពិដោរ)៖ របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី៦ ខែកញ្ញានេះបានច្រានចោលសេចក្ដីថ្លែងការណ៍អាស៊ាន ដោយចាត់ទុកថាមិនមានភាព យុត្តិធម៌ និងលម្អៀង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិកម្មរបស់របបសឹកមីយ៉ាន់ម៉ា ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar។ សេចក្ដីថ្លែងការណ៍នេះដដែលដោយសង្កត់ធ្ងន់ពីអវត្តមាននៃមេដឹកនាំរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា បានឱ្យដឹងថាខណៈមីយ៉ាន់ម៉ាត្រូវបានពិគ្រោះយោបល់ក៏ពិតមែន តែទស្សនៈយល់ឃើញ និងសំឡេងរបស់ខ្លួនមិនត្រូវបានគិតគូយកទុកដាក់ នោះទេ។

គួរបញ្ជាក់ថា មេដឹកនាំអាស៊ាន កាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើហិង្សា និងការវាយប្រហារលើជនស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយទម្លាក់ការទទួលខុសត្រូវដោយផ្ទាល់ទៅលើរបបសឹក។

នៅក្នុងសេចក្ដីថ្លែងការណ៍មាន ១៩ចំណុច ដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ ក្រុមមេដឹកនាំអាស៊ាន បានជំរុញជាពិសេសឱ្យ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា និងការវាយប្រហារដែលមានគោលដៅ លើជនស៊ីវិល ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។ «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែល នៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។

បន្ថែមពីលើនេះ ក្រុមមេដឹកនាំអាស៊ាន ក៏បានសម្រេចចិត្តថាមីយ៉ាន់ម៉ានឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលតំណែងជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦នោះទេ ហើយមេដឹកនាំហ្វីលីពីនថានឹងទទួលតំណែងជាប្រធានប្ដូរវេននេះជំនួស។ ប្រទេសឡាវ នឹងត្រូវកាន់តំណែងជា ប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២៤ រីឯម៉ាឡេស៊ីនឹងត្រូវធ្វើជាប្រធាននៅឆ្នាំ២០២៥៕