(ហ្សាការតា)៖ បណ្ដាមេដឹកនាំអាស៊ាន នឹងត្រូវជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីកំពូលៗមកពីសហរដ្ឋអាមេរិក ចិន និងជប៉ុន នៅឯកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃពុធ ទី៦ ខែកញ្ញានេះ ជាទីដែលពួកមហាអំណាចដែលមានវិវាទនឹងគ្នា និងបញ្ហាក្នុងតំបន់ធំៗរាប់ចាប់ពីសមុទ្រចិនខាងត្បូង រហូតដល់កម្មវិធីអាវុធរបស់ កូរ៉េខាងជើង នឹងស្ថិតនៅឯតុពិភាក្សា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាននឹងរៀបចំកិច្ចប្រជុំកំពូលដាច់ដោយឡែកជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវានឹង ក្លាយជាឱកាសមួយសម្រាប់មហាអំណាចទាំងនេះស្វែងរកការគាំទ្រ និងឡប់ប៊ីប្លុកមួយនេះ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងត្រូវធ្វើជា តំណាងចូលរួមកិច្ចប្រជុំជំនួសលោក ចូ បៃដិន រីឯនាយរដ្ឋមន្ត្រីចិន លោក លី ឈាង នឹងចូលរួមប្រជុំតំណាងឱ្យលោកប្រធានាធិបតី ស៊ី ជិនពីង។

នៅបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃពុធនេះ អាស៊ាននឹងត្រូវរៀបចំកិច្ចប្រជុំអាស៊ីបូព៌ាដែលមាន១៨ប្រទេសចូលរួម នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ដែលមានការចូលរួម ផងដែរពីរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ និងជាទីដែលបញ្ហាភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងរបៀបវារៈកំពូល។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នៅឯកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំង២ លោកស្រីអនុប្រធានាធិបតី នឹងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតួនាទីស្នូលរបស់អាស៊ាន»។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុក ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ ហើយមេដឹកនាំទាំង២ នឹងត្រូវជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅឯកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ស្របពេលមានការរំពឹងថាចិន និងជប៉ុនអាចនឹងដំឡើងសសៃកដាក់គ្នាជុំវិញការបង្ហូរទឹក ប្រព្រឹត្តកម្មសារធាតុកខ្វក់ចេញពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ បានប្រាប់មេដឹកនាំអាស៊ាន នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារថា «អាស៊ានមិនមែនជាសង្វៀនប្រកួតប្រជែងរបស់ មហាអំណាចនោះទេ ហើយប្លុកមួយនេះក៏មិនត្រូវឱ្យខ្លួនក្លាយជាកូនអុករបស់មហាអំណាចណាមួយនោះដែរ» នៅចំពោះមុខការកើនឡើងភាពតានតឹងលើសំណុំរឿង តៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ នៅឯកិច្ចប្រជុំតុមូលដែលមានការចូលរួមពីលោក ឡាវរ៉ូវ និងលោកស្រី ហារីស (Harris) អាចនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ចាប់តាំងពីមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃកក្កដាកន្លងទៅ ជាពេលដែលក្រុមមន្ត្រីអាមេរិក និងសហភាពអឺរ៉ុប នាំគ្នារិះគន់លោកប្រមុខការទូតរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

មន្ត្រីការទូតអាស៊ានម្នាក់ ដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះដែរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាអាចនឹងសេចក្តីថ្លែងការណ៍រួមជាបន្តបន្ទាប់ ជុំវិញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើការទូត សេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហាររវាងមហាអំណាច និងអាស៊ាន។

* កូរ៉េខាងជើង និងមីយ៉ាន់ម៉ា

បញ្ហាធំៗដទៃ តួយ៉ាងដូចជាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ត្រូវបានគេរំពឹងដែរថាអាចនឹងស្ថិតនៅក្នុងរបៀបវារៈកំពូល នៅឯកិច្ចប្រជុំ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា បានកត់សម្គាល់ថាលោកនឹងជំរុញឱ្យអាស៊ានចូលរួមជាមួយទីក្រុងសេអ៊ូល ដើម្បី ទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដែលលោកផ្ទាល់ចាត់ទុកថាក៏ជាការគំរាមកំហែងដោយផ្ទាល់មួយដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់។ ចំណែក បញ្ហា មីយ៉ាន់ម៉ា​ ក៏នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយដែរ នៅឯកិច្ចប្រជុំជាមួយចិនដែលជាសម្ព័ន្ធមិត្តនៃរបបសឹកមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មេដឹកនាំអាស៊ាន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា និងការវាយប្រហារលើជនស៊ីវិល ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយទម្លាក់ ការទទួលខុសត្រូវដោយផ្ទាល់លើរបបសឹក ហើយឥណ្ឌូណេស៊ីបានទទួលស្គាល់ថាមានភាពជឿនលឿនទៅមុខតិចតួចប៉ុណ្ណោះស្ដីពីផែនការសន្តិភាព ៥ចំណុចដែល របបសឹកបានព្រមព្រៀងជាមួយអាស៊ាន។ លើសពីនេះទៅទៀត កាន់តែក្ដៅជាងនេះ នោះគឺបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេសនៅបន្ទាប់ពីចិនបានចេញផែនទី ទឹកដីថ្មីមួយ ដើម្បីអះអាងពីអធិបតេយ្យលើតំបន់សមុទ្រចិនខាងត្បូង ដែលបង្កឱ្យប្រទេសជាសមាជិកអាស៊ានមួយចំនួនដែលមានជម្លោះទឹកដីជាមួយចិនដូចជា ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនមានការខឹងសម្បារ។

បើតាម AFP ដោយផ្អែកលើមន្ត្រីអាស៊ានម្នាក់ គេរំពឹងថាអាចមានសេចក្ដីថ្លែងការណ៍រួមមួយចំនួនចេញពីកិច្ចប្រជុំស្ដីពីសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា។ ប៉ុន្តែ ដើម្បី កុំឱ្យចិនច្រឡោចខឹង អ្នកជំនាញខាងកិច្ចការការបរទេសមកពីសាកលវិទ្យាល័យ Pelita Harapan ដូចជាលោក Aleksius Jemadu បាននិយាយថាមេដឹកនាំអាស៊ាន ទំនងជានឹងមិនប្រឈមមុខ ឬតឹងសសៃកជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាងឡើយ។ លោក Jemadu បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំព្យាករថាសេដ្ឋកិច្ចនឹងនៅតែ ជាអាទិភាពកំពូល ហើយមេដឹកនាំ (អាស៊ាន) នឹងចៀសវាងការពិភាក្សាគ្នាពីបញ្ហាដែលនាំឱ្យមានការប្រឈមមុខដាក់គ្នា ដូចជាផែនទីថ្មីរបស់ចិន។ ពោលគឺពួកគេ (អាស៊ាន) នឹងមិនប្រថុយធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយមហាអំណាចណាមួយទេ»

ប្រភព៖ AFP