(ហ្សាការតា)៖ មេដឹកនាំអាស៊ាន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើហិង្សា និងការវាយប្រហារលើជនស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយទម្លាក់ការទទួលខុសត្រូវដោយផ្ទាល់ទៅលើរបបសឹក ខណៈឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន បាននិយាយនៅឯកិច្ចប្រជុំកំពូលកាលពី ថ្ងៃអង្គារថាមានភាពរីកចម្រើនតិចតួចស្ដីពីផែនការសន្តិភាព៥ ចំណុចដែលត្រូវបានព្រមព្រៀងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មាន ១៩ចំណុច ដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញ ក្រុមមេដឹកនាំអាស៊ាន បានជំរុញជាពិសេសឱ្យ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា និងការវាយប្រហារដែលមានគោលដៅលើជនស៊ីវិល ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។ «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែល នៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។

គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជំរុញឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាព និងវិបុលភាពក្នុងតំបន់។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានប្រាប់ក្រុមអ្នកសារព័ត៌មានថាដំណើរសន្តិភាព ដែលត្រូវបានព្រមព្រៀងគ្នាជាមួយរបបសឹកមីយ៉ាន់ម៉ា ដើម្បីបិទបញ្ចប់អំពើហិង្សានៅតែមិនមានភាពជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់នោះទេ៕