(មូស្គូ)៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងស្វែងរកអាវុធបន្ថែមទៀតសម្រាប់ការធ្វើ សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ ក្រុមមន្ត្រីដដែលបាននិយាយបន្តទៀតថា គណៈប្រតិភូកូរ៉េខាង ជើងវេលាថ្មីៗនេះ បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងដើម្បីរៀបចំផែនការ សម្រាប់ ដំណើរទស្សនកិច្ចរបស់លោកគីមជុងអ៊ុននៅក្នុងខែកញ្ញានេះ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសរុស្ស៊ីក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនដើម្បី ពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវគ្រឿងសព្វាវុធបន្ថែមទៀត សម្រាប់ការ ធ្វើសង្គ្រាមក្នុងអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍ដដែល ដំណើរទស្សនកិច្ចរប​ស់ លោកគីមជុងអ៊ុន ដែលគេមិនទាន់បានដឹងថ្ងៃបញ្ជាក់ច្បាស់លាស់នោះ នឹងពិភាក្សាលើបញ្ហា កិច្ចសហប្រតិបត្តិការយោធាផ្សេងៗដទៃទៀត។

ព័ត៌មានដែលបញ្ចេញភ្លាមៗក្នុងសប្តាហ៍នេះទៅកាន់ពិភពលោក ជុំវិញគម្រោងនៃដំណើរ ទស្សនកិច្ចនិងគម្រោងការណ៍របស់មេដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើងនេះ ត្រូវកាសែតអាមេរិក បានបង្ហាញប្រភពទម្លាយពីសេចក្តីរាយការណ៍សម្ងាត់របស់មន្ត្រីសហរដ្ឋអាមេរិក។ ប៉ុន្តែតើ ព័ត៌មាននោះបានដឹងដោយរបៀបណា និងយកដោយរបៀបណានោះ មិនត្រូវបានគេបក ស្រាយបញ្ជាក់លំអិតឡើយ។

ហេតុអ្វីបានជាសហរដ្ឋអាមេរិកបញ្ចេញរឿងមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងគ្រោងជួបគ្នា ដើម្បីពិភាក្សាបញ្ហាអាវុធ?
ការបញ្ចេញព័ត៌មានសម្ងាត់ គឺជាផ្នែកមួយនៃល្បិចយុទ្ធសាស្ត្រទប់ទល់ ដើម្បីបំផ្លាញគម្រោងការណ៍រប​ស់សត្រូវ និងជាផ្នែកមួយនៃការអាចឱ្យសត្រូវត្រូវពន្យាពេលទៅវិញនូវគម្រោង ការណ៍នោះបន្ទាប់ពីមានការដឹងជុំវិញបែកធ្លាយ។ ការបញ្ចេញរឿងមេដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើងគ្រោងជួបគ្នាក្នុងខែកញ្ញា ដើម្បីពិភាក្សាបញ្ហា អាវុធ ក៏ជាចំណុចមួយនៃល្បិចកលដែលចង់ឱ្យសត្រូវផ្លាស់ប្តូរនូវគម្រោងការណ៍រប​ស់ខ្លួន នោះវិញ។

ក្រុមមន្ត្រីអាមេរិកដែលទម្លាយរឿងសម្ងាត់ពាក់ព័ន្ធនឹងដំណើររបស់មេដឹកនាំកូរ៉េខាងជើង
បាននិយាយរទៀតថា នៅក្នុងការដំណើរដ៏កម្រចាកចេញពីប្រទេសនោះ, លោក គីមជុងអ៊ុន រំពឹងនឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាងរ​បស់ខ្លួនតាមមធ្យោបាយ រថភ្លើងពាសដែកទៅកាន់ទី ក្រុងវ្លាឌីវ៉ូស្តុក Vladivostok របស់រុស្ស៊ីដែលស្ថិតលើឆ្នេរប៉ាស៊ីហ្វិកនិងនៅទីនោះ ហើយដែល មេដឹកនាំកូរ៉េខាងជើងនឹងរំពឹងថាជាកន្លែងជួបជាមួយលោកពូទីន។

ក្រុមមន្ត្រីដដែលបាននិយាយបន្តថា លោក ពូទីន ចង់ឱ្យមេដឹកនាំកូរ៉េខាងជើង យល់ព្រម បញ្ជូនគ្រាប់កាំភ្លើងធំ និងអាវុធមីស៊ីលបាញ់ប្រឆាំងរថក្រោះ។ ចំណែកលោក គីម ជុងអ៊ុន ចង់ឱ្យរុស្ស៊ីផ្តល់មកកូរ៉េខាងជើងវិញនូវបច្ចេកវិទ្យាទំនើបសម្រាប់ផ្កាយរណប Advanced Technology for Satellites និងបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
ក្រុមមន្ត្រីដដែលបានបញ្ជាក់ទៀតថាមេដឹកនាំកូរ៉េខាងជើង ក៏នឹងស្វែងរកជំនួយស្បៀងអាហារ សម្រាប់ប្រទេសរបស់ខ្លួនផងទៀត។

មេដឹកនាំទាំងពីរត្រូវគេរំពឹងថា អាចជួបគ្នាក្នុងទីបរិវេណនៃសាកលវិទ្យាល័យ Far Eastern Federal University ក្នុងទីក្រុង Vladivostok ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា ដែលគ្រោង នឹងដំណើរការនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា។
លោក គីមជុងអ៊ុន ត្រូវគេរាយការណ៍ទៀតថា លោកនឹងមានគម្រោងទស្សនាផែ ៣៣ ដែល ជាកន្លែងសំចត នៃកប៉ាល់កងទ័ពជើងទឹកកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី។ ប្រទេសកូរ៉េខាងជើងគ្រោងប្រារព្ធខួប៧៥ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិ តេយ្យកូរេរបស់ខ្លួននៅថ្ងៃទី ៩ខែកញ្ញាខាងមុខនេះ។

កាលពីថ្ងៃពុធ ទី៣០ សីហាសប្តាហ៍មុន សេតវិមានអាមេរិកបាននិយាយដកស្រង់នូវរបាយ ការណ៍សម្ងាត់បង្ហាញថា មេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុង អ៊ុន បានផ្លាស់ប្តូរសំបុត្រពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងអាវុធ។
មន្ត្រីនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា កិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីកិច្ច សហប្រតិបត្តិការយោធារវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង «កំពុងរីកចម្រើនយ៉ាងសកម្ម»។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ទៀត បាននិយាយលើបញ្ហានេះដូចគ្នា។

ស្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោកស្រី Adrienne Watson បាននិយាយថា សហរដ្ឋអាមេរិករំពឹងថានឹងមាន «ភាពពាក់ព័ន្ធការទូតក្នុងកម្រិតមេដឹកនាំ» លើបញ្ហាលក់អា វុធដែលនឹងប្រព្រឹត្តទៅរវាងរុស្ស៊ីនិងកូរ៉េខាងជើង។

ស្ត្រីនាំពាក្យដដែលនោះ បាននិយាយថា សហរដ្ឋអាមេរិក សូមស្នើដល់កូរ៉េខាងជើងបញ្ឈប់ ការចរចារឿងលក់អាវុធនោះជាមួយរុស្ស៊ី និងគោរពតាមការប្តេជ្ញាជាសាធារណៈវិញថា រដ្ឋា ភិបាលក្រុងព្យុងយ៉ាងមិនចែកចាយឬលក់អាវុធដល់ប្រទេសរុស្ស៊ីនោះឡើយ។

សហរដ្ឋអាមេរិកចាប់តាំងពីដើមដំបូងដែលមានសង្គ្រាមផ្ទុះនោះមក បានព្យាយាមជាខ្លាំង ណាស់ក្នុងការបញ្ចេញផ្សាយនូវឯកសារសម្ងាត់របស់ខ្លួនដើម្បីតែការចង់បំបាក់ទឹកចិត្តប្រទេសចិននិងកូរ៉េខាងជើងនិងបណ្តាប្រទេសផ្សេងទៀតដើម្បីកុំឱ្យលូកដៃចូលជួយរុស្ស៊ី គ្រាដែល សហរដ្ឋអាមេរិកខ្លួនឯងនិងប្រទេសសម្ព័ន្ធមិត្ត អាចប្រើដៃរបស់ខ្លួនផ្តល់អាវុធយុទ្ធភណ្ឌនិង ជំនួយផ្សេងៗជាបន្តបន្ទាប់ដល់អ៊ុយក្រែនដើម្បីចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាម។

ការបញ្ចេញព័ត៌មានចុងក្រោយអំពីគម្រោងជួបគ្នារវាងមេដឹកនាំកូរ៉េខាងជើងនិងមេដឹកនាំរុស្ស៊ី តាមរយៈឯកសារសម្ងាត់របស់ខ្លួនពេលនេះទៀត ក៏ជាការព្យាយាមព្រមានថ្មី ដែលចង់រារាំងដូចគ្នាផងដែរ។ មន្ត្រីអាមេរិកនិយាយកត់សម្គាល់ថា ការព្រមានមួយ របស់សេតវិមានអំពី ការផ្ទេរគ្រាប់កាំភ្លើងធំកូរ៉េខាងជើងដែលបានគ្រោងទុកនោះ ធ្លាប់បានជួយបញ្ឈប់កិច្ចសហប្រតិបត្តិការពីមុន​ រវាងក្រុងព្យុងយ៉ាងនិងក្រុងមូស្គូផងដែរ។

សហរដ្ឋអាមេរិកទម្លាយផែនការណ៍ រៀបចំដំណើររបស់លោកគីម ជុងអ៊ុនមន្ត្រីអាមេរិកបាននិយាយថា នៅចុងខែសីហា គណៈប្រតិភូនៃមន្ត្រីកូរ៉េខាងជើងប្រហែល 20 នាក់ រួមទាំងអ្នកត្រួតពិនិត្យ ពិធីការសន្តិសុខសម្រាប់ថ្នាក់ដឹកនាំ បានធ្វើដំណើរតាមរថភ្លើង ពីទីក្រុងព្យុងយ៉ាងទៅកាន់ទី ក្រុងវ្ល៉ាឌីវ៉ូស្តុក…ហើយបន្ទាប់មកពួកគេបានហោះហើរបន្តទៅកាន់ទីក្រុងមូស្គូ ដែលជាការ បង្ហាញថាកូរ៉េខាងជើងពិតជាយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់លោក គីមជុង អ៊ុន។ ការធ្វើដំណើររបស់ពួកគេទាំង២០នាក់ដើម្បីតែការរៀបចំទុកជាមុន នៃការធ្វើដំណើររបស់មេដឹកនាំកូរ៉េខាងជើងនោះ បានប្រើពេលវេលា១០ថ្ងៃ។

គំនិត​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ ត្រូវគេនិយាយថា បាន​កើត​ចេញ​ពី​ដំណើរ​របស់​ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ លោក Sergei K. Shoigu ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ក្នុង​ខែ​កក្កដា ​សម្រាប់​ការ​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ទិវាជ័យជម្នះ​របស់​កូរ៉េខាងជើងលើ​កងទ័ព​កូរ៉េខាង ត្បូងនិង​អាមេរិក​ក្នុងសង្គ្រាម​កូរ៉េ។

លោក គីមជុងអ៊ុន ពេលនោះបាននាំលោក Sergei Shoigu ទៅកាន់ការតាំងពិព័រណ៍អាវុធ និងឧបករណ៍យោធា ដែលរួមមានមីស៊ីលបាលីស្ទីក ដែលអង្គការសហប្រជាជាតិបានហាមឃាត់។

មន្ត្រីអាមេរិកបាននិយាយថា ក្នុងជំនួបនាពេលនោះ លោក គីមជុងអ៊ុន បានបង្ហាញពីជម្រើស សម្រាប់ការពង្រីកកាន់តែធំនូវកិច្ចសហប្រតិបត្តិការយោធា និងមេដឹកនាំកូរ៉េខាងជើង ពេលនោះបានស្នើឱ្យលោក ពូទីន ធ្វើទស្សនកិច្ចមកកូរ៉េខាងជើង។ ក្រោយមករដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានធ្វើសំណើតបមកវិញដោយស្នើឱ្យលោកគីមជុងអ៊ុន ធ្វើទស្ស នកិច្ចទៅប្រទេសរុស្ស៊ីវិញ។

ការរារាំងមិនឱ្យមានការគាំទ្រដល់រុស្ស៊ី ពីសំណាក់ប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ និងចិន គឺជា ចំណុចសំខាន់នៃយុទ្ធសាស្ត្ររបស់រដ្ឋបាល លោក Biden សម្រាប់ការជួយអ៊ុយក្រែនក្នុង ការការពារប្រឆាំងនឹងរុស្ស៊ី។

សហរដ្ឋអាមេរិកបានព្រមានជាលើកដំបូង អំពីកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និង រុស្ស៊ីកាលពីមួយឆ្នាំមុន។ ក្រុមមន្ត្រីដែលដកស្រង់សម្តីរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយថា រុស្ស៊ីគ្រោងនឹងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងប្រ ទេសអ៊ុយក្រែន។

ក្នុង​ការ​លាតត្រដាង​ជា​បន្ត​បន្ទាប់មកទៀត មន្ត្រីនាំពាក្យសេតវិមាន លោក Kirby បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​ដឹក​ជញ្ជូន​អាវុធ​ទៅ​រុស្ស៊ី​តាម​រយៈ​តំបន់មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង។

​មន្ត្រី​អាមេរិក​បាន​និយាយ​ថា ការ​លាតត្រដាង​ព័ត៌មានសម្ងាត់នេះ​ហើយ បាន​រារាំង​កូរ៉េ​ខាង​ជើង ហើយ​បើសិនមានអាវុធបញ្ជូនផលិតដោយកូរ៉េខាងជើង ក៏មានចំនួន​តិច​តួច​ណាស់​ដែលបានបញ្ជួន​ដល់​សមរភូមិ​ជួរ​មុខ​ក្នុង​ប្រទេស​អ៊ុយក្រែននោះ។

គេនឹងរង់ចាំមើលថាតើការបញ្ចេញព័ត៌មានសម្ងាត់ទម្លាយអំពីផែនការជួបគ្នារវាងមេដឹកនាំ រុស្ស៊ីនិងមេដឹកនាំកូរ៉េខាងជើង ដោយសហរដ្ឋអាមេរិកនាពេលនេះ នឹងមានផលប្រយោជន៍ ធ្លាក់លើភាគីណាមួយទៅវិញ?