(ប៉េកាំង)៖ នៅថ្ងៃទី៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើពិព័រណ៍ឧស្សាហកម្មឆ្លាតវៃ អន្តរជាតិចិនឆ្នាំ២០២៣។

លោក Xi Jinping បានលើកឡើងថា ពេលបច្ចុប្បន្ននេះ ឧស្សាហកម្មឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើន ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរ យ៉ាងខ្លាំងនូវវិធីសាស្ត្របែងចែកធនធានសកល រូបមន្តអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀបរស់នៅរបស់ប្រជាជន។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជំរុញការរួមបញ្ចូលយ៉ាងស៊ីជម្រៅរវាងបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចពិតជាបន្តបន្ទាប់ ដើម្បីជំរុញការកសាង ប្រទេសខ្លាំងផ្នែកអ៊ីនធើណែតនិងឌីជីថល។

ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសនានាលើពិភពលោក ដើម្បីចាប់យកនិន្នាការថ្មីនៃយុគសម័យឌីជីថល ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឌីជីថលឱ្យកាន់តែស៊ីជម្រៅ ជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃ ពន្លឿនការកសាង សហគមន៍រួមវាសនាលំហអ៊ីនធើណែត និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវរ។

សូមបញ្ជាក់ថា នាថ្ងៃដដែលនោះ ពិព័រណ៍ឧស្សាហកម្មឆ្លាតវៃអន្តរជាតិចិនឆ្នាំ២០២៣ បានបើកធ្វើនៅក្រុង Chongqing ប្រទេសចិន ក្រោមប្រធានបទ «ប្រមូលផ្តុំភាពវៃឆ្លាតពីគ្រប់ទិសទី រៀនសូត្រពីគ្នាដោយគ្រប់ជ្រុងជ្រោយ»៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន