(អាថែន)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសក្រិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យជន់លិចផ្ទះ និងផ្លូវនានាក្នុងប្រទេស ហើយ បុរសម្នាក់បានស្លាប់ក្នុងហេតុការបាក់រលំជញ្ជាំងមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៣។

ព្យុះ Daniel បានវាយលុកភាគខាងលិច និងកណ្តាលនៃប្រទេសក្រិក ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មក ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងខ្លាំងក្លាអស់រយៈពេលជាង ២សប្តាហ៍ នៅភាគខាងជើងនៃប្រទេសអាចគ្រប់គ្រងបាន។ មន្ត្រីពន្លត់អគ្គីភ័យ បានប្រាប់ Reuters ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា «បុរសរូបនោះ បានស្លាប់បន្ទាប់ពីជញ្ជាំងមួយកន្លែងនៅក្បែរទីក្រុងវ៉ូឡូស (Volos) បានដួលរលំ ដោយប្រហែលជាមកពីកត្តាអាកាសធាតុអាក្រក់»

គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗក្នុងប្រទេសក្រិក កាលពីឆ្នាំ២០១៧ បានសម្លាប់មនុស្សចំនួន ២៥នាក់ និងរាប់រយនាក់បាត់បង់ផ្ទះសម្បែង៕