(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះសេចក្ដីរាយការណ៍ពីកិច្ចប្រជុំកំពូល រវាងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើលោក គីម ជុងអ៊ុន នឹងត្រូវជួបលោក ពូទីន ឆាប់ៗមែនដែរឬ ទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «ទេ យើងមិនអាច (បញ្ជាក់រឿងនេះបានទេ)។ យើងគ្មាន អ្វីត្រូវនិយាយលើបញ្ហានេះទេ»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោងធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ី នៅក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធសម្រាប់ទីក្រុងមូស្គូ យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី អាឌ្រីយែន វ៉ាត់សុន (Adrienne Watson) កិច្ចចរចាស្ដីពីការផ្គត់ផ្គង់អាវុធ រវាងរុស្ស៉ី និងកូរ៉េខាងជើង មានភាពរីកចម្រើនទៅមុខយ៉ាងសកម្ម។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងទទួលបាន ព័ត៌មានថាលោក គីម ជុងអ៊ុន រំពឹងថាកិច្ចពិភាក្សាបែបនេះនឹងបន្តទៅមុខ ក្នុងនោះរួមមានទាំងកិច្ចចរចាការទូតកម្រិត មេដឹកនាំនៅក្នុង ប្រទេសរុស្ស៉ី»

មិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រុស្ស៉ីនៅឡើយទេ។ ប៉ុន្តែ កាសែត អាមេរិក New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍ថាលោក គីម ទំនងជានឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) នៅក្នុងខែកញ្ញានេះ ដើម្បីជួបលោក ពូទីន នៅទីនោះ។ Vladivostok គឺជាទីក្រុងមួយស្ថិតនៅតំបន់ឆ្នេរ ប៉ាស៊ីហ្វិក និងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីកូរ៉េខាងជើង។

បន្ថែមពីលើនេះ New York Times ក៏បានឱ្យដឹងដែរថាលោក ពូទីន ចង់បានគ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង ហើយលោក គីម ក៏អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូផងដែរក៏ថាបាន៕