(បាងកក)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Srettha Thavisin និងគណៈរដ្ឋមន្ត្រីរបស់លោកនៅក្នុងរដ្ឋាភិបាលចម្រុះមាន១១គណបក្ស នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះបានធ្វើសច្ចា​ប្រណិធានជាផ្លូវការហើយ នៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Srettha មកពីគណបក្សភឿថៃដែលដឹកនាំក្រុមចម្រុះ និងសមាជិកទាំង ៣៣រូបនៃគណៈរដ្ឋមន្ត្រី​បានធ្វើសច្ចា​ប្រណិធានបង្ហាញពី ភក្តីភាពចំពោះព្រះមហាក្សត្រ នៅឯពិធីមួយរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង Dusit Palace ក្នុងទីក្រុងបាងកក។ បន្ទាប់ពីការធ្វើសច្ចា​ប្រណិធាន រដ្ឋាភិបាលថៃថ្មី នឹងត្រូវធ្វើបទបង្ហាញពីគោលនយោបាយទៅកាន់សភានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា លោក Srettha Thavisin មានអាយុ ៦១ឆ្នាំ និងជាមហាសេដ្ឋីម្នាក់ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក និងជាអតីត ប្រធានក្រុមហ៊ុន Sansiri បាននិយាយថារដ្ឋាភិបាលរបស់លោក នឹងផ្តោតជាសំខាន់លើការដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជន។ លោក Srettha ដែលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ ក៏បានឱ្យដឹងដែរថាលោកនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធ ស្អែកនេះ៕