(ណៃពិដោ)៖ ម៉ាឡេស៉ី បានអំពាវនាវឲ្យមានវិធានការក្តៅ ប្រឆាំងនឹងក្រុមឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា ដោយលើកឡើងថា ផលវិបាកដែលពួកគេបង្កើតឡើង បានរារាំងដល់ការអនុវត្តផែនការស្តារសន្តិភាព នៅក្នុងប្រទេសអាស៊ានមួយនេះ អស់រយៈជាង ២ឆ្នាំចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៉ី លោក ហ្សាំប្រ៊ី អាប់ឌុល កាឌៀ (Zambry Abdul Kadir) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាគ្នាក្នុងរដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៉ី ថា ម៉ាឡេស៉ី និងប្រទេសសមាជិកផ្សេងទៀតបានចែករំលែកទស្សនរួមគ្នាថា យើងមិនអាចអនុញ្ញាតឲ្យរឿងនេះបន្តកើតឡើងដោយគ្មានវិធានការក្តៅ និងមានប្រសិទ្ធភាពលើរបបយោធានោះទេ។ យ៉ាងនេះក្តី លោក ហ្សាំប្រ៊ី មិនបានបញ្ចេញឈ្មោះប្រទេសអាស៊ានណាមួយ ដែលបានចែករំលែកទស្សនដូចគ្នាជាមួយម៉ាឡេស៉ីនោះទេ។

គួរបញ្ជាក់ថា សារមិនប្រក្រតីពីប្រទេសម៉ាឡេស៉ី បានកើតឡើងអំឡុងពេលដែលបណ្តាមេដឹកនាំអាស៊ាន ចាប់ផ្តើមកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សាការតា ដោយវិបត្តិមីយ៉ាន់ម៉ានឹងក្លាយជាប្រធានបទក្តៅ ហើយបញ្ហាជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង កំពុងបង្កភាពតានតឹងដល់សមាជិកទាំង ១០ប្រទេសនេះ៕