(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយអីតាលី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទទួលបានផ្លែផ្កា ដោយផលិតផលរបស់អ៉ីតាលីដែលមានគុណភាពខ្ពស់ បានទៅដល់ដៃពលរដ្ឋរាប់ពាន់គ្រួសារក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ លោក វ៉ាង បានប្រាប់ឧបនាយករដ្ឋមន្ត្រី អ៉ីតាលី លោក អាន់តូនីញ៉ូ តាយ៉ានី (Antonio Tajani) ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា «មិត្តភាពរាប់ពាន់ឆ្នាំដែលទទួលបានពីវិថីសូត្របុរាណចិន កំពុងរីកសាយ»។ លោក វ៉ាង បានបន្ថែមថា «ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអ៉ីតាលី បានកើនឡើងពីចំនួន ៥០ពាន់លានដុល្លារដល់ជិត ៨០ពាន់លានដុល្លារ ហើយការនាំចេញរបស់អ៉ីតាលីទៅកាន់ប្រទេសចិនទៀតសោត ក៏បានកើនឡើងប្រហែល ៣០%»

គួរបញ្ជាក់ថា នៅឆ្នាំ ២០១៩ អ៉ីតាលី បានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ជាគំនិតផ្តួចផ្តើមពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធសកល ដោយយកលំនាំតាមវិថីសូត្របុរាណដែលបានតភ្ជាប់ចក្រភពចិន និងលោកខាងលិច កាលពីរាប់ពាន់ឆ្នាំមុន។

ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៉ីតាលី ចាប់ផ្តើមមានមន្ទិលសង្ស័យលើសមាជិកភាពក្នុងគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថាផលប្រយោជន៍ដែលខ្លួនទទួលបាន មិនស្របនឹងការរំពឹងទុក។ ទីក្រុងរ៉ូម មានពេលរហូតដល់ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងជាផ្លូវការដែលនឹងផុតកំណត់នៅខែមីនា ឆ្នាំ ២០២៤។ បើមិនដូច្នេះទេ វានឹងត្រូវបន្តរយៈពេល ៥ឆ្នាំទៀត៕