(កៀវ)៖ អ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា កងទ័ពរបស់ខ្លួនបានដណ្តើមយកទឹកដីបន្ថែមទៀតពីតំបន់ជួរមុខភាគខាងកើត និងកំពុងឆ្ពោះទៅភាគខាងត្បូងបន្ថែមទៀត ក្នុងប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលីអារ (Hanna Maliar) បាននិយាយថា កងកម្លាំងទីក្រុងកៀវ ដណ្តើមបានមកវិញនូវផ្ទៃដីប្រហែល ៣គីឡូម៉ែត្រក្រឡា ជុំវិញទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតប្រទេសកាលពីសប្តាហ៍មុន។ លោកស្រី ម៉ាលីអារ ក៏បានរាយការណ៍ពីភាពជោគជ័យក្នុងទិសដៅនៃភូមិចំនួន ២ នៅតំបន់ Zaporizhzhia ដែលស្ថិតនៅភាគខាងត្បូងប្រទេសផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត។

គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ គិតចាប់តាំងពីបើកប្រតិបត្តិការវាយបកលើរុស្ស៉ី កាលពីខែមិថុនាមក អ៊ុយក្រែន បានដណ្តើមយកមកវិញនូវផ្ទៃដី ៤៧គីឡូម៉ែត្រក្រឡា ប៉ុន្តែមិនអាចទម្លុះខ្សែការពារនៅលើផ្នែកនៃទឹកដីដែលពោរពេញដោយគ្រាប់មីន និងលេណដ្ឋានដ៏ធំរបស់រុស្ស៉ី បាននោះទេ៕