(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ​ អ៉ីងវិន (Tsai Ing-wen) បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តការទូតតែមួយគត់មួយនេះរបស់ខ្លួន នៅក្នុងតំបន់អាហ្វ្រិក ខណៈចិនកំពុងបង្កើនសម្ពាធនយោបាយលើតៃវ៉ាន់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសុន្ទរកថាមួយមុនចាកចេញដំណើរ លោកស្រី សៃ បានទទួលស្គាល់ពីសារៈសំខាន់នៃការគាំទ្រពីប្រទេសអេស្វាទីន នៅចំពោះមុខបញ្ហាប្រឈមអន្តរជាតិ ជាច្រើន រួមមានទាំងការកើនឡើងនៃអំណាចផ្ដាច់ការនិយម ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ លោកស្រី សៃ បានគូសបញ្ជាក់ដូច្នេះថា «អេស្វាទីនីតែងតែ ផ្ដល់ការគាំទ្រដល់តៃវ៉ាន់ ព្រមទាំងផ្ដល់ជំនឿចិត្ត និងភាពរឹងមាំដល់ពួកយើង»

គួរបញ្ជាក់ថា លោកស្រី សៃ អ៉ីងវិន នឹងត្រូវចូលរួមការប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់អេស្វាទីនី អំឡុងការបំពេញទស្សនកិច្ចជាលើកទី២របស់លោកស្រី ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក។ លោកស្រី សៃ គ្រោងនឹងបញ្ចប់ដំណើរទស្សនកិច្ច និងវិលត្រឡប់ទៅកាន់តៃវ៉ាន់វិញនៅថ្ងៃទី៨ ខែកញ្ញា។

អេស្វាទីនី ដែលពីមុនមានឈ្មោះថាស្វាស៊ីឡង់ គឺស្ថិតនៅក្នុងចំណោមប្រទេស និងដែនដីចំនួន១៣គត់ ដែលកំពុងរក្សាទំនាក់ទំនងការទូតផ្លូវកា ជាមួយតៃវ៉ាន់ ហើយប្រទេសមួយនេះក៏ជាប្រទេសតែមួយគត់ក្នុងតំបន់អាហ្វ្រិកដែលរក្សាទំនាក់ទំនងការទូតជាមួយតៃប៉ិផងដែរ បន្ទាប់ពីបួគីណាហ្វាសូ ផ្ដាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ ដើម្បីងាកទៅរកចិនកាលពីឆ្នាំ២០១៨៕