(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថាលោកផ្ទាល់នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងរឹងមាំ ចំពោះកម្មវិធមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថាកម្មវិធីអាវុធទាំងនេះជាការគំរាមកំហែងមួយ ដល់តំបន់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក យូន ស៊ុកយុល នឹងចេញដំណើរពីកូរ៉េខាងត្បូងនៅថ្ងៃអង្គារសប្ដាហ៍នេះ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មុននឹងត្រូវ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត Kompas របស់ឥណ្ឌូណេស៊ីចេញផ្សាយ នៅថ្ងៃអង្គារនេះ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋកូរ៉េ និងអាស៊ានត្រូវតែរួបរួមគ្នា ដើម្បីឆ្លើយតបដាច់ខាត និងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធស្ដីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ លោកបន្ថែមថាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដោយផ្ទាល់មួយដល់សមាជិកអាស៊ានទាំងអស់ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក យូន កូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ានទាំង១០ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសណ្ដាប់ធ្នាប់ ផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋាន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បណ្ដាប្រទេសសមាជិកអាស៊ាននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងសប្ដាហ៍នេះជាមួយ មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសដទៃដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន និងរុស្ស៉ី៕