(ហ្សាការតា)៖ បណ្ដាមេដឹកនាំអាស៊ាន នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ ក្នុងប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចពិភាក្សាដែលនឹងត្រូវបានគ្របដណ្ដប់ ដោយប្រធានបទក្ដៅធំៗដូចជាវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅបន្ទាប់ពីកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ក៏នឹងមានផងដែរកិច្ចប្រជុំពាក់ព័ន្ធជាមួយចិន សហរដ្ឋអាមេរិក និងមហាអំណាច ដទៃ ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការជំទាស់តវ៉ាទៅនឹងការទាមទាររបស់ចិនលើអធិតេយ្យក្នុង តំបន់សមុទ្រចិនខាងត្បូង។ កិច្ចប្រជុំពាក់ព័ន្ធទាំងនោះរួមមានកិច្ចប្រជុំទ្វេភាគីជាមួយមហាអំណាចនៅថ្ងៃពុធ និងកិច្ចប្រជុំអាស៊ីបូព៌ានៅថ្ងៃព្រហស្បតិ៍ ជាទីដែល លោក ចូ បៃដិន លោក ស៊ី ជិនពីង និងលោក ពូទីន សុទ្ធតែមិនមានវត្តមានចូលរួម។

លោក បៃដិន ត្រូវបានជំនួសដោយលោកស្រី Kamala Harris ហើយលោក ស៊ី ជិនពីង ត្រូវបានតំណាងដោយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង រីឯរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នឹងធ្វើជាតំណាងលោក ពូទីន។

គួរបញ្ជាក់ថា អស់រយៈពេលជាង ២ឆ្នាំមកនេះ ពោលគឺក្រោយការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១ មក ផែនការសន្តិភាពចំនួន៥ចំណុចរបស់អាស៊ាន ក្នុងនោះរួមមានទាំងការបិទបញ្ចប់អំពើហិង្សា មិនត្រូវបានរបបសឹកយោធាមីយ៉ាន់ម៉ា​អនុវត្តតាម នោះទេ៕