(តូលេដូ)៖ មេដឹកនាំនៃរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ ហើយត្រូវបានអ្នកគាំទ្រអបអរសាទរយ៉ាងត្រេកត្រអាលក្នុងពិធីតាមកញ្ចក់ទូរទស្សន៍មួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងរដ្ឋប្រហារលើកទីប្រាំបីនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ មន្ត្រីកងទ័ពនៅប្រទេសហ្គាបុង​ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Brice Oligey Nguema បានដណ្តើមអំណាចនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី ៣០ ខែសីហា ប៉ុន្មាននាទីបន្ទាប់ពី លោក Bongo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោត​សម្រាប់អាណត្តិ​ទី ៣។

មេដឹកនាំរបបយោធារូបនេះបានប្តេជ្ញាថា នឹងប្រគល់អំណាចជូនជនស៊ីវិលវិញ បន្ទាប់ពីការបោះឆ្នោតដោយសេរី និងតម្លាភាព។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន លោកមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការគ្រប់គ្រងដោយយោធានោះទេ៕