(មូស្គូ)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានជួបជាមួយប្រធានាធិបតី វិមានរូស្ស៉ី លោក Vladimir Putin នៅរមណីយដ្ឋានសមុទ្រខ្មៅ Sochi របស់ប្រទេសរុស្ស៊ី ក្នុងគោលបំណងបញ្ចុះបញ្ចូលគាត់ ឱ្យត្រឡប់ទៅកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក Erdogan ពីមុនបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល លោក ពូទីន ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ ហើយអង្គការសហប្រជាជាតិក៏កំពុងព្យាយាមបញ្ចុះបញ្ចូល លោក ពូទីន ឱ្យត្រលប់ទៅកិច្ចព្រមព្រៀងវិញផងដែរ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរបស់ពួកគេ នៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi លោក ពូទីន បានប្រាប់ លោក Erdogan ថា លោកសង្ឃឹមថានឹងបញ្ចប់កិច្ចពិភាក្សាស្តីពីមជ្ឈមណ្ឌលឧស្ម័នធម្មជាតិ នៅក្នុងប្រទេសតួកគី ហើយបាននិយាយថាពួកគេក៏នឹងពិភាក្សា អំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិផងដែរ។
លោក ពូទីន បានប្រាប់ លោក Erdogan ដូច្នេះថា «ខ្ញុំដឹងថាអ្នកមានបំណងលើកបញ្ហានៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ យើងបើកចំហសម្រាប់ការចរចាលើបញ្ហានេះ»។
លោក Erdogan បាននិយាយថា ពិភពលោកកំពុងរង់ចាំព័ត៌មានស្តីពីបញ្ហាច្រករបៀងគ្រាប់ធញ្ញជាតិ។ លោកបានមានប្រសាសន៍ដូច្នេះថា «អ្នករាល់គ្នាកំពុងរង់ចាំអ្វីដែលនឹងចេញពីកិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ។ ខ្ញុំជឿថាសារនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយសម្រាប់ពិភពលោកទាំងមូល ជាពិសេសសម្រាប់ប្រទេសនៅអាហ្វ្រិក»។
គួរបញ្ជាក់ថា រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅកាលពីខែកក្កដា ដោយត្អូញត្អែរថាការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួនត្រូវបានរារាំង ហើយគ្រាប់ធញ្ញជាតិអ៊ុយក្រែន ក៏មិនបានទៅដល់ប្រទេសដែលមានតម្រូវការពិតប្រាកដដែរ។
ទោះបីការនាំចេញអាហារ និងជីរបស់រុស្ស៊ីមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែននោះក៏ដោយ ប៉ុន្តែការរឹតបន្តឹងលើការទូទាត់ និងការធានារ៉ាប់រងបានបង្កជាឧបស័គ្គដល់ការដឹកជញ្ជូន៕