(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានស្នើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យប្រទេសទាំងពីរធ្វើសមយុទ្ធយោធាជើងទឹករួមជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឱកាសខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េក្នុងខែកក្កដា ដែលនៅពេលនោះលោកក៏បានជួបជាមួយនឹង លោក គីម ជុងអ៊ុន ផងដែរ។
ទីភ្នាក់ងារយ៉ុនហាប់បានរាយការណ៍ថា លោក Shoigu បានធ្វើសំណើដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដល់ លោក គីម ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ទីភ្នាក់ងារនេះក៏បានបានរាយការណ៍ទៀតថា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានជូនដំណឹងដល់រដ្ឋសភាថា លោក Shoigu ជាក់ស្តែងបានជួបប្រជុំជាឯកជនជាមួយ លោក គីម ដើម្បីអនុម័តលើការពង្រីកយោធាទ្រង់ទ្រាយធំ។
នាពេលថ្មីៗនេះ រុស្ស៊ី និងកូរ៉េខាងជើងបានអំពាវនាវឱ្យមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ប៉ុន្តែកូរ៉េខាងជើងបានបដិសេធរាល់ «កិច្ចព្រមព្រៀងអាវុធ» ជាមួយរុស្ស៊ី។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុនថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង លោក Shoigu បានព្យាយាមជំរុញឲ្យកូរ៉េខាងជើងលក់កាំភ្លើងធំទៅឱ្យប្រទេសរុស្ស៊ី។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពចំនួនបី ដែលខ្លួនចោទប្រកាន់ថាមានទំនាក់ទំនងនឹងកិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយចាប់តាំងពីឆ្នាំ ២០០៦ ហើយបាននិងកំពុងសាកល្បងមីស៊ីលជាច្រើនប្រភេទក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែកម្របានធ្វើសមយុទ្ធយោធាជាមួយប្រទេសជិតខាងណាស់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាប្រចាំ ដែលកូរ៉េខាងជើងបរិហារថា ជាការត្រៀមខ្លួនសម្រាប់សង្គ្រាម៕