(ញូដេលី)៖ ឥណ្ឌា បានបង្កើនការប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី ក្នុងគោលបំណងបញ្ឈប់ការដាច់ចរន្តអគ្គិសនី ដោយសារតែទិន្នផលវារីអគ្គិសនី ទាប ហើយដើម្បីទប់ទល់នឹងតម្រូវការប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ជាទូទៅ ការប្រើប្រាស់អគ្គិសនី ក្នុងប្រទេសឥណ្ឌា កើនឡើងខ្លាំងអំឡុងខែឧសភា ដែលគ្មានភ្លៀងធ្លាក់។ វាមិនមែនជារឿងធម្មតានោះទេសម្រាប់ឥណ្ឌា ដែលមាន តម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់នៅខែសីហា ដែលជាទូទៅមានភ្លៀងមូសុងប្រចាំឆ្នាំ ចន្លោះពីខែមិថុនា ដល់ខែកញ្ញា។ ប៉ុន្តែខែសីហា ឆ្នាំ២០២៣នេះ អាកាសធាតុមានសភាពស្ងួតហួតហែង បណ្តាលឲ្យការផលិតថាមពលកើនឡើងដល់កំណត់ត្រា ១៦២.៧ពាន់លានគីឡូវ៉ាត់ម៉ោង។

ការប្រើប្រាស់ធ្យូងថ្មក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៦៦.៧ភាគរយ នៅក្នុងខែសីហា ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេល ៦ឆ្នាំ។

គួរបញ្ជាក់ថា របាយទឹកភ្លៀងធ្លាក់ទាប នាំឲ្យទិន្នផលថាមពលវារីអគ្គិសនីសរុបរបស់ប្រទេសឥណ្ឌា ធ្លាក់ចុះដល់ ១៤.៨ភាគរយ បើធៀបនឹង ១៨.១ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕