(ម៉ាឌ្រីដ)៖ ខ្សែរថភ្លើងក្រោមដីមួយចំនួនក្នុងទីក្រុងម៉ាឌ្រីដ និងរថភ្លើងល្បឿនលឿនតភ្ជាប់ទៅកាន់ទីក្រុងភាគខាងត្បូង ត្រូវបានបិទនៅព្រឹកថ្ងៃចន្ទនេះ ហើយ បុរសពីរនាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគកណ្តាលប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សាវីយ៉េ ឈីវីតេ (Javier Chivite) អ្នកនាំពាក្យនៃទីភ្នាក់ងារសង្គ្រោះបន្ទាន់ប្រចាំតំបន់ បានឲ្យដឹងថា ពេញមួយយប់ ក្រុមសង្គ្រោះបានធ្វើប្រតិបត្តិការ មានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុជិត ១,២០០ករណី ហើយអ្នកពន្លត់អគ្គីភ័យ និងប៉ូលិសកំពុងស្វែងរកបុរសបាត់ខ្លួនពីរនាក់ ក្នុងតំបន់ជនបទនៃ សហគមន៍អាល់ឌែ ដែល ហ្រ្វេស្នូ (Aldea del Fresno) ស្ថិតនៅភាគនិរតីទីក្រុងម៉ាឌ្រីដ។

ខ្សែរថភ្លើងក្រោមដីជាច្រើននៅកណ្តាលទីក្រុង Madrid ត្រូវបិទជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃចន្ទនេះ។ ចំណែកផ្លូវល្បឿនលឿនតភ្ជាប់រវាងទីក្រុងម៉ាឌ្រីដ ទៅកាន់តំបន់អាន់ដាលូសៀ (Andalusia) នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានចាប់ផ្តើមឡើងវិញនៅល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ប៉ុន្តែសេវាកម្មរថភ្លើងដំណើរតិចជាងធម្មតា។

គួរបញ្ជាក់ថា ភ្លៀង នៅតែបន្តធ្លាក់លើតំបន់ភាគច្រើននៃប្រទេសអេស្ប៉ាញ ប៉ុន្តែនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារឧតុនិយមជាតិ បានបន្ទាបកម្រិតប្រកាសអាសន្ន ពណ៌ទឹកក្រូច ទៅជាពណ៌លឿង៕