(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់បានឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្ដីពីការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន នៅក្នុងប្រទេសបារំាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ​ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃអាទិត្យ ទី៣ ខែកញ្ញា លោក ហ្សេលេនស្គី បានឱ្យដឹងថាកិច្ចព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងកិច្ចសន្ទនារវាង លោកជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ក៏ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែនរូបនេះមិនបានបញ្ជាក់លម្អិតថាតើការបណ្ដុះបណ្ដាល អ្វីទៅ ដែលនឹងត្រូវធ្វើឡើងនោះទេ។

គួរបញ្ជាក់ថា បារាំងមិនមានយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកដែលអ៊ុយក្រែនកំពុងត្រូវការ និងទទួលបានការសន្យាផ្ដល់ឱ្យពីប្រទេស ដាណឺម៉ាក និងហូឡង់ឡើយ។ បារាំងមានយន្ដហោះចម្បាំងផលិតក្នុងស្រុកដូចជា Rafale និងយន្ដហោះស៊េរីចាស់ Mirage 2000។ បើតាមលោក ហ្សេលេនស្គី លោក ម៉ាក្រុង និងរូបលោកក៏បានពិភាក្សាគ្នាផងដែរពីអ្វីដែលបារាំងធ្វើបាន ដើម្បីជួយការពារទីក្រុងរបស់អ៊ុយក្រែន រួមទាំងតំបន់អូដេសា (Odesa) ដែលជាតំបន់សម្បូរទៅដោយកំពង់ផែដ៏មានសារៈសំខាន់សម្រាប់ការនាំចេញរបស់អ៊ុយក្រែន។

ក្រសួងការបរទេសបារាំង កាលពីខែសីហា បាននិយាយថាខ្លួននឹងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ជាពិសេសគឺផ្តោតលើការពង្រឹងសមត្ថភាពការពារ ដែនអាកាសរបស់កងកម្លាំងអ៊ុយក្រែន៕