(ហ្សាការតា)៖ បណ្ដាប្រមុខការកំពូលអាស៊ាន នៅថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ នឹងធ្វើការត្រួតពិនិត្យឡើងវិញលើផែនការសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានជាប់គាំង និងមិនអាចនាំទៅរកការបិទបញ្ចប់អំពើហិង្សាដែលអូសបន្លាយពេលជាង ២ឆ្នាំមកនេះ នៅបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាដណ្ដើម អំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបប្រជុំគ្នាក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីបញ្ហាមីយ៉ាន់ម៉ា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង សេដ្ឋកិច្ចក្នុងតំបន់ ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាជាច្រើនផ្សេងទៀត។ មីយ៉ាន់ម៉ាក៏ជាសមាជិកមួយរបស់អាស៊ានដែរ បើ ទោះជាថ្នាក់ដឹកនាំនៃរបបសឹកមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកមួយនេះ ចាប់តាំងពីពួកគេធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោង​ សានស៊ូជី ពីអំណាចកាលពីឆ្នាំ២០២១ ដែលបង្កឱ្យមានអំពើហិង្សាយ៉ាងបង្ហូរឈាមមកទល់នឹងសព្វថ្ងៃក៏ដោយ។

អាស៊ានបានឯកភាពគ្នាលើផែនការសនិ្តភាពមួយ ដែលត្រូវបានគេស្គាល់ថា «កុងសង់ស៊ីស៥ចំណុច» ក្នុងនោះរួមមានដូចជាការអំពាវនាវឱ្យមានការបិទ បញ្ចប់អំពើហិង្សា និងកិច្ចសន្ទនារវាងគ្រប់ភាគីពាក់ព័ន្ធ។ ប៉ុន្តែ ខាងមេដឹកនាំរបបសឹកមីយ៉ាន់ម៉ាមិនបានអនុវត្តពេញលេញតាមផែនការសន្តិភាពនេះឡើយ។

គួរបញ្ជាក់ថា ក្រៅតែពីជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន លើកលែងមីយ៉ាន់ម៉ាចេញ នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុង ហ្សាការតា នៅក្នុងសប្ដាហ៍នេះ រួមជាមួយមេដឹកនាំនៃប្រទេសជាដៃគូ ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសជាដៃគូ ដទៃទៀត។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះទេ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងធ្វើជាអ្នកតំណាងចូលរួមកិច្ចប្រជុំពាក់ព័ន្ធជំនួសរូបលោក៕